ភ្នំពេញ៖ មានសំនួរជាច្រើនពីមជ្ឈដ្ឋានសង្គមបានផ្ទុះឡើង ក្រោយព័ត៌មានបានបង្ហាញពីភាពអស្ចារ្យនៃសម្ភារៈនិយមបុរសវ័យក្មេង ដែលមានទាំងអង្គរក្សតាមការពារផង ដែលត្រូវបានគេទម្លាយថា មានឪពុកពាក់ផ្កាយ២លើស្មា បានបើករថយន្តស៊ើរីទំនើប៥៧០អត់ពាក់ស្លាកលេខ រួមទាំងល្មើសច្បាប់ចរាចរទៀតផង។
សំនួនទាំងនោះ បានពោលក្នុងអារម្មណ៍ភ័យខ្លាចថា «តើពួកយើងជាប្រជាពលរដ្ឋ អាចទ្រាំរស់នៅក្នុងសង្គម ដែលអ្នកមានអំណាចលុយកាក់ ខ្លាំងដូចខ្លា ចំណែកយើងត្រឹមតែជាសំរាម គ្មានតម្លៃក្នុងកែវភ្នែកពួកអ្នកមានអំណាចអញ្ជឹងបានដែររឺទេ? ក្នុងនោះពួកគេក៏បានបង្ហាញថា «បងប្អូនមើលរឿងនេះជាក់ស្តែងចុះ!!តើបងប្អូនឈឺចាប់ទេ ពេលដែលឃើញរឿងបែបនេះ? វាត្រឹមតែជាកូនផ្កាយ២សោះ មានឡាន៥៧០ជិះ(ឡានអត់ស្លាកលេខទៀត) មានទាំងអង្គរក្ស(អង្គរក្សមានកាំភ្លើងកាន់ទៀត)ជិះឡាន Mazda តាមការពារពីក្រោយ លើសមន្ត្រីរដ្ឋាភិបាលធំៗខ្លះទៀត។
បងប្អូនសាកគិតមើល នេះវាបញ្ចេញចរិតទំនើងរបស់វាគ្មានខ្លាចអ្នកណាទាំងអស់ ហើយចេះប៉ះចំលោក ផ្កាយ១ ដែលលោកផ្កាយ១ខ្លាំងដែរ ក៏ស្រែកតវ៉ាការពារខ្លួនបានខ្លះៗដើម្បីរកយុត្តិធម៌ ចុះបើវាធ្វើប៉ះចំប្រជាពលរដ្ឋតូចតាចធម្មតា សួរថាតើវាជាន់ក្បាលមើលងាយមើលថោក រឺចង់បាញ់សម្លាប់យើងប៉ុណ្ណាទៅ? វាចាត់ទុកជីវិតយើងជាពលរដ្ឋធម្មតា មិនស្មើនិងឆ្កែនៅផ្ទះវា រឺមិនស្មើនិងសត្វរុយផងក៏មិនដឹង សួរថាឈឺចាប់ទេ?
