ភ្នំពេញ៖ ច្រើនទស្សវត្សហើយដែលល្បីថា ដើមច័ន្ទន៍ក្រឹស្នា មានអត្ថប្រយោជន៍ពហុគុណ ពិសេសគឺល្បីថា អត្ថ​ប្រយោជន៍ដ៏ពិសិដ្ឋពីរុក្ខជាតិដ៏កម្រប្រភេទនេះ ធ្វើជាមេទឹកអប់។ យ៉ាងណានាទស្សវត្សទី២១មួយនេះ កសិកម្ម​ខ្មែរមិនត្រឹមតែរក្សាបានការដាំដុះបានរុក្ខជាតិដែលមានអត្ថប្រយោជន៍ដ៏មហិមានេះបានចំនួនដល់ទៅជាងមួយលានដើមនោះទេ ក៏ក្លាយទៅ​ជាអ្នក​កែច្នៃនិង​នាំ​ចេញ​ផលិត​ផល​សម្រេច​ពីរុក្ខជាតិ​នេះទៅក្រៅ​ប្រទេស​ផង​ដែរ។

កាលពីថ្ងៃទី៧ខែកុម្ភៈនេះ ក្រុមហ៊ុនថៃ First Capital Global (FCG) និងក្រុម​ហ៊ុន​ក្នុង​ស្រុក​ឈ្មោះ​ធូប​ច័ន្ទន៍​ក្រឹស្នាខ្មែរ បានចុះកិច្ចព្រមព្រៀងរួមគ្នាបង្កើតរោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នាលើកដំបូងនៅកម្ពុជា។ ដែលមានការអញ្ជើញចូលរួមធ្វើជាសាក្សីពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន់ សូរស័ក្ខ ចូលរួមចុះហត្ថលេខា នៅសណ្ឋាគារសូហ្វីតែល។ ក្នុងឱកាសបើទំព័រសករាជ បង្ហាញពីអនុភាពគុណប្រយោជន៍ដើមច័ន្ទន៍ក្រឹស្នានោះ ក៏បានបង្ហាញឲ្យដឹងជាសាធារណៈថា «បើតាមគម្រោង ក្រុមហ៊ុនទាំងពីរគឺក្រុមហ៊ុនថៃ First Capital Global (FCG) និងក្រុមហ៊ុន ក្នុងស្រុកឈ្មោះធូបច័ន្ទន៍ក្រឹស្នាខ្មែរ គ្រោងកែច្នៃដើមខ្លឹម​ច័ន្ទន៍​ក្រឹស្នា​ប្រហែល​១លាន​ដើម​​សម្រាប់ដំណាក់កាលទី១ ដែលមានរយៈពេល៩ខែ ដើម្បីកែច្នៃជាផលិតផល​ប្រេង​ច័ន្ទន៍​ក្រឹស្នាដែល​មាន​គុណ​ភាពខ្ពស់។

ក្នុងឱកាសនោះ លោក ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម និងជាអ្នកនាំពាក្យបានគូសបញ្ជាក់ថា ផលិត​ផលសម្រេចបាននៃប្រេងច័ន្ទន៍ក្រឹស្នាគឺមានតម្លៃថ្លៃណាស់ ដូច្នេះការបង្កើត​រោងចក្រ​នេះ​ឡើង​គឺជា​ផ្នែក​មួយ​ជួយជម្រុញដល់ការដាំដុះពីសំណាក់ពលរដ្ឋខ្មែរ ដើម្បីយកដើមច័ន្ទន៍ក្រឹស្នាទៅលក់ឲ្យក្រុមហ៊ុន។ លោក​ក៏​បាន​បញ្ជាក់ថា«រោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នាដែលមានទុនវិនិយោគប្រមាណជា១០០លានដុល្លារនេះមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ»។ សូមបញ្ជាក់ថា ច័ន្ទន៍ក្រឹស្នាគឺជារុក្ខជាតិម្យ៉ាងដែលមានក្លិនក្រអូបប្រហើ។ ការកែច្នៃច័ន្ទន៍ក្រឹស្នាតាមរយៈក្រុមហ៊ុនថៃ និងកម្ពុជានាពេលខាងមុខគឺផលិតចេញជាគ្រឿងសម្អាង៕