ភ្នំពេញ៖ តារាចម្រៀងល្បីរបស់ផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ត្រូវបានក្រុមហ៊ុនរថយន្តអាមេរិកម៉ាក Chevrolet ជ្រើសរើសតាំងទូតសុឆន្ទៈ ប្រចាំនៅប្រទេសកម្ពុជា ជាមួយកាដូរថយន្តស៊ើរីទំនើប ម៉ាក Chevrolet ឆ្នាំ២០១៧ ដែលមានតម្លៃដល់ទៅជិត៧ម៉ឺនដុល្លារ។

នៅថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៨ ក្រុមហ៊ុនរថយន្តអាមេរិក ដែលមានទីតាំងស្ថិតនៅ​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ម្តុំចំណុចទឹកថ្លា បានធ្វើពិធីជាផ្លូវការស្តីពីការប្រកាសទទួលយកតារាចម្រៀងល្បី ប្រចាំផលិតកម្មសាន់ដេ លោក​ ឆាយ វីរៈយុទ្ធ ធ្វើជាតំណាងផ្សព្វផ្សាយរថយន្ត ម៉ាកChevrolet ក្នុងរយៈពេលមួយឆ្នាំ។

ក្នុងការប្រកាសនោះ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនរថយន្តអាមេរិកម៉ាកChevrolet លោក ប៉ែន ពិសិដ្ឋ បង្ហាញថា «តាមការសិក្សាទីផ្សារបានបញ្ជាក់ថា លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងល្បីមួយរូបនៅកម្ពុជា ដែល​សក្តិសមបំផុតជាមួយម៉ាករថយន្តដ៏ល្បីលំដាប់ថ្នាក់ពិភពលោករបស់អាមេរិកមួយនេះដូចគ្នា។

ក្នុងឱកាសនោះនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនរថយន្តអាមេរិកម៉ាកChevrolet ក៏បានបញ្ជាក់ថា «លោក ឆាយ វីរៈយុទ្ធ នឹងទទួលបានរថយន្តដ៏​ទំនើបមួយ​គ្រឿង​តម្លៃ​ជិត​១០​ម៉ឺនដុល្លារ​ជាមធ្យោបាយ​ធ្វើ​ដំណើរ​ក្នុងការបំពេញការងារផ្សេងៗ។ ជាមួយគ្នានោះ តារាចម្រៀងសាន់ដេ និងជាកូនប្រសារថៅកែ​ស្រូវអង្ក​នៅទឹក​ដីខេត្ត​​កំពុងចាមលោក ឆាយ វីរៈយុទ្ធ បានបង្ហាញថា «ការសម្រេចចិត្ត​ទទួលយកធ្វើ​ជាតំណាង​ផ្សព្វផ្សាយ​រថយន្តអាមេរិកម៉ាកChevrolet ក៏ព្រោះ Chevrolet ជាក្រុមហ៊ុងរថយន្តយក្សមួយក្នុងពិភពលោក ដែល​គេ​ស្គាល់គ្រប់គ្នា ហើយសូម្បីតែក្នុងវិស័យបាល់ទាត់វិញ ក៏ជាម្ចាស់ឧបត្ថមក្លឹបយក្សដែរ»។