ក្រចេះ៖ ទោះបីបច្ចុប្បន្ន មានបច្ចេកវិទ្យាទំនើបយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែមានជំនឿលើអរូបិយ ដូចជា ការបួងសួង ការសែនព្រេន និងការយោលសុបិនជាដើម។ តួយ៉ាងកាលពីពេលថ្មីៗនេះ បុរសវ័យ ៣៥ឆ្នាំម្នាក់ ចេញមុខអះអាងដល់សាលាឃុំថា លោកបានដេកយល់សប្តិឃើញអ្នកតាឲ្យទៅជីកយកវត្ថុបុរាណ លុះព្រលឹមស្រាងៗ លោកបានកាន់ចបមួយសំដៅទៅព្រៃក្រោយផ្ទះ ដោយមិនបានប្រាប់អ្នកណាទាំងអស់ និងបានជីកប្រទះឃើញឃ្លោក ១ និ គីងគក់ ២ ធ្វើពីស្ពាន់ដូចការយល់សុបិនមែន។
តែទោះជាយ៉ាងណា ការអះអាងខាងលើនេះ មិនត្រូវបានសមត្ថកិច្ច និងក្រុមប្រជាពលរដ្ឋជឿទេ ពីព្រោះវត្ថុនោះ មានរាងថ្មីសន្លាង គ្មានប្រឡាក់ ឬ ដុះស្លែរបន្តិចឡើយ ដោយសមត្ថកិច្ចសន្និដ្ឋានថា បុរសនោះ ប្រហែលចាញ់បោកគេ ហើយប្រឌិតរឿងថាជីកកំណប់បាន ក្នងគោលបំណងលក់វត្ថុនោះទៅវិញ ដើម្បីបានលុយខ្លះ។ គួរបញ្ជាក់ថា ហេតុការណ៍ នេះបានកើតឡើង នៅ ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពី ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨ ។
