ភ្នំពេញ៖ បិតាល្ខោនបាសាក់ ដែលលោកអ្នកធ្លាប់តែឮចាស់ៗ និយាយថា «ក្នុងចំណោមអ្នកសម្តែងល្ខោនបាសាក់ គ្មានអ្នកណាសម្តែងសមជាង លោក សាំង សារុន ទេ»។ តទៅនេះ តារាញូស៍ សូមបង្ហាញពីជីវិតតស៊ូក្នុងការចូលសិល្បៈល្ខោនបាសាក់ របស់លោក សាំង សារុន៖ ក្រោយការបួសរៀនអស់រយៈពេលជាច្រើនឆ្នាំ លោក សាំង សារុន បានសឹកមកវិញ និងចូលប្រឡូកក្នុងវង់ល្ខោនបាសាក់ឈ្មោះ «ខាន់» ដែលជាកម្មសិទ្ធិរបស់ភរិយាមេព្រៃម្នាក់ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បន្ទាប់មកក្រុមល្ខោននេះក៏ត្រូវបិទទ្វារ ខណៈឪពុកលោក សាំង សារុន ដែលជាអភិបាលស្រុកស្ទឹងត្រង់ រករឿងខ្លាំង ព្រោះមិនពេញចិត្តដែលកូនប្រុសខ្លួនមកចាប់អាជីពជាអ្នកសម្ដែងនេះ។ ជាងនេះទៅទៀតឪពុកលោកបានចាប់ឃុំខ្លួនលោក មិនឲ្យចេញទៅក្រៅ។
លុះឆ្នាំ១៩៤០ លោក សាំង សារុន បានលួចរត់ចេញពីផ្ទះពីខេត្តកំពង់ចាម មកក្រុងភ្នំពេញ និងចូលក្នុងវង់ល្ខោនដែលមានម្ចាស់ឈ្មោះ «ជួប» ក្នុងគ្រានោះ។ ដោយសារភាពប៉ិនប្រសប់ និងសម្លេងពីរោះដូចសារិកានោះ លោក សាំង សារុន បានល្បីរន្ទឺនៅក្នុងវង់ល្ខោននោះតែម្តង ហើយបានអន្ទងចិត្តប្រពន្ធមន្ត្រីធំៗជាច្រើនតាមស្ម័គ្រ រហូតដល់មន្ត្រីធំៗទាំងនោះ បានចាប់លោក សាំង សារុន ដាក់គុកជាង ៣ឆ្នាំ។ ចេញពីគុកមិនទាន់បានប៉ុន្មានផង បិតាល្ខោនបាសាក់ សាំង សារុន បានបង្កើតវង់ល្ខោនបាសាក់ដោយខ្លួនឯង ដែលមានទីតាំងនៅ ខេត្តពោធិ៍សាត់។ ក្រោយមកវង់ល្ខោនបាសាក់របស់ត្រូវបានរំសាយ ខណៈរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ បានកើតឡើង ធ្វើឲ្យសមាជិកក្រុមរត់ខ្ចាត់ខ្ចាយគ្នាអស់៕
គួររំឭកថា បិតាល្ខោនបាសាក់ លោក សាំង សារុន កើតឆ្នាំ១៩២២ ជាកូនទី៥ ក្នុងគ្រួសារដែលមានឪពុកឈ្មោះ ណែម សាំង ជាអភិបាលស្រុកស្ទឹងត្រង់ និង ម្តាយឈ្មោះ ជួប អ៉ឹម មានស្រុកកំណើតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
