ភ្នំពេញ៖ ជាមួយនឹងប្រជាប្រិយភាពលើវិស័យចម្រៀងកាន់តែខ្លាំង តារាចម្រៀងលំដាប់កំពូលរបស់កម្ពុជា លោក ឆាយ វីរៈយុទ្ធ ត្រូវបានក្រុមហ៊ុនរថយន្តរបស់អាមេរិកម៉ាក Chevrolet ជ្រើសតាំងជាអគ្គរដ្ឋទូតសុឆន្ទៈ តំណាង Brand ប្រចាំនៅកម្ពុជា។
នៅថ្ងៃទី០៩ កុម្ភៈ ក្នុងកម្មវិធីប្រកាសជាផ្លូវការ លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅរបស់ Chevrolet បានបញ្ជាក់ថា តាមការសិក្សាទីផ្សារឃើញថា លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងដ៏ល្បីមួយរូបនៅកម្ពុជា ដែលសក្តិសមបំផុតជាមួយនឹងម៉ាករថយន្តល្បីលំដាប់ពិភពលោករបស់អាមេរិកមួយនេះដូចគ្នា ។ ជាមួយគ្នានេះ លោក ពិសិដ្ឋ បានបញ្ជាក់ថា លោក វីរៈយុទ្ធ នឹងទទួលបានរថយន្តដ៏ទំនើបមួយដែលមានតម្លៃជិត៧ម៉ឺនដុល្លារជាមធ្យោបាយធ្វើដំណើរក្នុងការបំពេញការងារផ្សេងៗ។
ជាមួយគ្នានោះ លោក ឆាយ វីរៈយុទ្ធ ក៏បានលើកឡើងទាំងរំភើបថា«ខ្ញុំពិតជាមានកិត្តិយស និងសប្បាយរីករាយខ្លាំងណាស់ ព្រោះ Chevrolet គឺជាម៉ាករថយន្តអាមេរិក និងល្បីពេញពិភពលោកដែលមានអាយុកាលរាប់រយឆ្នាំ។ Chevrolet គឺជាម៉ាករថយន្តក្នុងក្តីស្រម៉ៃរបស់ខ្ញុំ ដែលខ្ញុំតែងស្រម៉ៃថានឹងបើកឡាន Chevrolet ពណ៌ខ្មៅដ៏រលើបរលោង»។
ខណៈម្ចាស់បទ “គេមិនស្រឡាញ់យើងទេ”រូននេះបន្តទទៀតថា«ទីបំផុតខ្ញុំបានសំរេចក្តីបំណងបានប្រើប្រាស់វា ជាពិសេស ក្រុមហ៊ុន chevrolet Cambodia បានជ្រើសរើសខ្ញុំជាអគ្គរាជទូតសុឆន្ទៈ ដែលលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត។ ជាចុងក្រោយខ្ញុំសន្យាថា បន្ទាប់ពីរួមដៃគ្នាពីថ្ងៃនេះ ខ្ញុំនឹងប្រឹងប្រែងដើម្បីធ្វើអោយ Brand Chevrolet Cambodia ទទួលបានជោគជ័យអោយរឹតតែខ្លាំងបន្ថែមទៀត លើទីផ្សាកម្ពុជា៕
