ភ្នំពេញ៖ ថ្មីៗនេះ ពិធីការិនីល្បីល្បាញរបស់បណ្ដាញទូរទស្សន៍ស៊ីធីអ៊ិន យុគ ចិន្ដា លេចឮថាអាចនឹងចូលរោងការនៅឆ្នាំ២០១៨នេះ បែរជាពេលនេះស្ងប់ស្ងាត់បាត់ដំណឹងសូន្យឈឹងទៅវិញទើបធ្វើឲ្យមានការសង្ស័យថាចំណងស្នេហាអ្នកនាងជាមួយបុរសអាណិកជនខ្មែរមកពីអាមេរិកលោក វុទ្ធី បណ្ឌិត អាចនឹងមានបញ្ហាបានជាមិនឃើញចែកសំបុត្រការទាល់តែសោះតាំងពីបែកធ្លាយរឿងស្នេហានេះតាំងពីឆ្នាំ២០១២មក។
ទោះជាយ៉ាងណានៅពេលដែលអ្នកការសែតជជីកសួររឿងចូលរោងការនេះរាល់លើកអ្នកនាងយុគចិន្ដានៅតែថា «មិនទាន់កំណត់ពេលវេលាជាក់លាក់ដដែលហើយថានៅពេលនេះអ្នកនាងមានអ្នកពិសេសហើយគ្រាន់តែការងារសិល្បៈរវល់ខ្លាំងពេក និងជាប់រកស៊ីខាងក្រៅផងទើបរកតែពេលរៀបការមិនបាន»។
យុគ ចិន្ដា មានកូនស្រីម្នាក់ដ៍ស្រស់ស្អាតឈ្មោះ យុគ ដាពេជ្រ ដែលជិតពេញក្រមុំទៅហើយតែអាថ៌កំបាំងស្នេហ៍របស់ពិធីការិនីរូបនេះនៅតែធ្វើឲ្យមនុស្សជាច្រើនស្ថិតក្នុងភាពអាថ៌កំបាំងដដែលព្រោះអ្នកនាងចិន្ដាមិនដែលលាតត្រដាងស្នេហាជាសាធារណៈឡើយ។ តារាសិល្បៈជាច្រើនចង់ឲ្យអ្នកនាង យុគ ចិន្ដា ចូលរោងការជាមួយលោក វុទ្ធី បណ្ឌិត ព្រោះថាអ្នកនាងទាំង២ពិតជាសាកសមគ្នាទាំងវ័យ និងចំណេះដឹង៕
