ភ្នំពេញ៖ ធ្វើការជាមួយគ្នា កើតចិត្តមារ បង្កជាហឹង្សាដល់ស្ត្រីវ័យ ៥០ឆ្នាំប្លាយម្នាក់ ឲ្យរងបួសជាំមុខ និងរលាត់ដៃជើង ខណៈនាងជើងឆើតប្រធានផ្នែកអនាម័យ បុរីពិភពថ្មី បានស្ទុះមកវាយទាំងកំរោល។
តាមសម្តីស្ត្រីជនរងគ្រោះឈ្មោះ វ៉ែន ប៉ាច បានរៀបរាប់ទាំងអួលដើមករថា «ខ្ញុំធ្វើការបោសសំអាតនៅផ្ទះមួយ ក្នុងបុរីពិភពថ្មី ហើយម្ចាស់ផ្ទះនោះ ស្រលាញ់ខ្ញុំណាស់ គាត់តែងតែឲ្យរបស់របរផ្សេងៗ មកខ្ញុំស្ទើររៀងរាល់ថ្ងៃ។ នៅថ្ងៃកើតហេតុខ្ញុំបានដើរមកផ្ទះវិញ ស្រាប់តែស្ត្រីប្រធានផ្នែកអនាម័យ ស្ទុះមកវាយមុខយ៉ាងដំណំ ដៃជើង និងទាញខ្សែករខ្ញុំឲ្យដាច់បាត់បន្តោងទៀតផង»។
ប្រភពដដែលបន្តថា «កន្លងមកខ្ញុំគ្មានជម្លោះជាមួយនាងទេ ប៉ុន្តែខ្ញុំសង្ស័យថា នាងច្រណែនខ្ញុំ ដែលម្ចាស់ផ្ទះស្រលាញ់យកចិត្តទុកដាក់ខ្ញុំ»។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ ដើម្បីជួយរកដំណោះស្រាយតាមនីតិវិធីច្បាប់៕
