ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៣ខែកុម្ភៈតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បានឡើងយន្តហោះច្រៀងនៅប្រទេសកូរ៉េ ដែលទទួលបានស្ពុនស័រពិសេសពីក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា រួមនឹងតារាកម្ពុជាជាច្រើនរូបទៀត។

ជាមួយដំណើរនៃការចាកចេញនេះ មានអ្នកគាំទ្ររបស់លោកជាច្រើនបានជូនដំណើរ គួបផ្សំភ្ញៀវនៅព្រលានយន្តហោះយ៉ាងច្រើនកុះករពីអ្នកគាំទ្រ ដែលក្នុងនោះក៏មានយាយចាស់ជាច្រើនផងដែរ សម្តែងការគាំទ្រនិងសូមថតរូបជាមួយកំពូលតារាចម្រៀងរូបនេះមុនឡើងយន្តហោះទៅសម្តែងនៅប្រទេសកូរ៉េនោះ។ 

ក្នុងទឹកមុខសប្បាយរីករាយ រួមនឹងកាយវិការដ៏គួរសមតបនឹងអ្នកគាំទ្ររួមទាំងលោកយាយចាស់ៗផងនោះ លោក ខេមរៈ សិរីមន្ត បានសារភាពថា «នេះជា ជាលើកទី២ហើយដែលខ្ញុំបានចេញទៅច្រៀងនៅប្រទេសកូរ៉េ បន្ទាប់ពីខ្ញុំបានបោះជំហានចូលសិល្បៈជាង១០ឆ្នាំ»។ កំពូលតារាចម្រៀងរូបនេះបន្តទៀតថា«ការចេញលើកនេះ លើកទី១ បានទទួលបានការគាំទ្រខ្លាំងណាស់ពីបងប្អូនខ្មែរធ្វើការនៅទីនោះ ។

ម្យ៉ាងដោយលើកនេះគឺជាការធានាពី លោក ឡេង ណាវ៉ាត្រា និងសមាគមសិល្បកររួមគ្នារៀបចំ សង្ឃឹមខ្លាំងនិងបានជោគជ័យ»។ លោកក៏បានបញ្ជាក់ថា «ការទៅច្រៀងនៅកូរ៉េលើនេះ ក៏មានការគាំទ្រពីស្ថានទួតខ្មែរនៅកូរ៉េ រួមទាំងសមាគមខ្មែរនៅទីនោះច្រើនរួមនឹងបងប្អូនពលករខ្មែរនៅទីនោះ ចឹងភាពជោគជ័យយើងសង្គមខ្លាំង»។