ភ្នំពេញ៖ ពិធីករទូរទស្សន៍និងជាអ្នកអត្ថធិប្បាយកម្មវិធីប្រដាល់ ឌីជេ ហេរ៉ូ នៅល្ងាចថ្ងៃទី៧ខែកញ្ញា បានរៀបពិធីបាយសាមគ្គីអបអរសាទរកីឡាករគុនខ្មែរ ស៊ីហ្គេម២០១៧ នៅក្នុងភោជនីយដ្ឋានព្រៃឡង់ ដែលជាភោជនីយដ្ឋានរបស់ពិធីករដ៏មានប្រជាប្រិយភាពរូបនេះទើបនឹងបើនៅចំកណ្តាលក្រុងតាខ្មៅ លើផ្លូវលេខ២១០ ភូមិព្រែកសំរោង។

ស្ថិតនៅចំពោះមុខកីឡាករម្ចាស់មេដាយមាស រួមនឹងមិត្តៗកីឡាករជាច្រើននិងគ្រូៗប្រដាល់ជាច្រើន ដែលមានវត្តមានវត្តមានទទួលទានអាហារសាមគ្គី ទាំងទឹកមុខរីករាយសាទរនឹងទឹកចិត្តពិធីករចំពោះកីឡាគុនខ្មែរនោះ ឌីជេ ហេរ៉ូ ក៏បានឲ្យដឹងថា «មិនមានអ្វីធំសម្រាប់ការលើកទឹកចិត្តបងប្អូនកីឡាករ ដែលពួកគាត់ខំបូជាសាច់ស្រស់ឈាមស្រស់ មានពេលខ្លះឈាមស្រោចខ្លួនដើម្បីមុខមាត់ប្រជាជាតិខ្មែរនោះទេ »។

ថៅកែភោជនីដ្ឋានព្រៃឡង់ និងជាពិធីករដ៏មានប្រជាប្រិយភាពរូបនេះ បញ្ជាក់ថា «ត្រឹមខ្ញុំជាប្រជាពលរដ្ឋធម្មតា ជាអ្នកអត្ថធិប្បាយកម្មវិធីកីឡាប្រដាល់ ឮថា កីឡាករយើងទទួលបានជោគជ័យពីការប្រកួតស៊ីហ្គេមនៅទីក្រុងកូឡាឡាំពួ នោះខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងចំពោះជោគជ័យនេះ ហើយខ្ញុំគិតថា ខ្ញុំនឹងជួយអ្វីមួយដល់គាត់បានពេលដែលគាត់បានវិលមកដល់កម្ពុជាយើងវិញ»។

ឌីជេ ហេរ៉ូ បានបន្ថែមថា «ចឹងមានតែអញ្ជើញគាត់មកទទួលទានអាហារសាមគ្គីរួមគ្នាជាមួយនិងលោក គ្រូប្រដាល់ក៏ដូចជាមិត្តភក្កិសិល្បករចូលរួមទទួលទានអាហាររួមគ្នាដើម្បីលើកទឹកចិត្តដល់អត្តពលិកដែលប្រជែងយកមោទនភាពជួនជាតិយើងពីការប្រកួតស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួ ដែលទើបនឹងបញ្ចប់ថ្មីៗនេះ»។