ភ្នំពេញ៖លោកតា លី ចាស់ព្រឹទ្ធារ្យនៅវិហារសាមអ៊ួង បានរៀបរាប់អំពីត្រណមទាំងបីថ្ងៃនៅក្នុងពិធីបុណ្យចូលឆ្នាំចិន ចាស់ទុំបុរាណរបស់ចិនឲ្យកូនចៅធ្វើដូចជា៖
ថ្ងៃទីមួយ ជាថ្ងៃសែន ទាំងចាស់ ទាំងក្មេងដែលជាកូនចៅជាប់សែស្រឡាយចិនរស់នៅក្នុងដំបូលក្នុងគ្រួសារតែមួយ ត្រូវនៅជួបជុំគ្នាក្នុងផ្ទះដាច់ខាត។

ថ្ងៃទីពីរ ចាស់បុរាណ អនុញ្ញាតឲ្យកូនចៅចិនដើរទៅផ្ទះសាច់ញាតិ ហើយជូនចំណីអាហារ ផ្លែឈើ ឲ្យគ្នាទៅវិញទៅមក និងពាក្យជូនពរផងដែរ។
ថ្ងៃទីបី ជាថ្ងៃដើរកម្សាន្តសប្បាយ អ្នកជាប់សែស្រឡាយចិនមិនដែលភ្លេចឡើយកាដូអាំងប៉ាវដ៏មានអត្ថន័យធំបំផុត។
លោកតាលី បញ្ជាក់ថា « ក្នុងអំឡុងចូលឆ្នាំរយៈពេល៣ថ្ងៃនេះ ចាស់ទុំមិនឲ្យបោសផ្ទះសម្បែងចេញទៅក្រៅទេ តែបើចាំបាច់ត្រូវបោសសំរាមគប្បីត្រូវបោសប្រមូលចូលទៅក្នុងផ្ទះហើយ រៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ។ ប្រសិនបើកូនចៅចិន គោរពមិនបានខ្ជប់ខ្ជួននោះ គ្រួសារអាចនឹងរកស៊ីមិនសូវកាក់កបផងដែរ» ៕

