ភ្នំពេញ៖តារាសម្ដែង បង្ហាញម៉ូដ និងជាពិធីការិនី នាងព្រះកាយ ច័ន្ទ បានលុបចោលគម្រោងទៅច្រៀងសម្ដែងនៅប្រទេសអូស្រា្ដលីជាលើកទី២កាលពីចុងឆ្នាំ ២០១៧នេះភ្លាមៗដោយមិនស្ដាយលុយដុល្លារ១ដុំ នោះ ឡើយដើម្បីកុំឲ្យមានបញ្ហាវិវាទជាមួយស្ថានីទូរទស្សន៍ដែលនាងបានចុះកុងត្រាជាមួយ។
ប្រភពបានឲ្យដឹងថានាង ព្រះកាយច័ន្ទ ត្រូវថតផ្ដាច់មុខផ្នែករឿងភាគឲ្យទូរទស្សន៍ប៉ុស្ដិ៍លេខ៥នេះដោយមិនអាចថតឲ្យស្ថានីយ៍ផ្សេងៗបានទេគឺលើកលែងតែរឿងដុំដែលបញ្ចាំងតាមរោងទើបនាងអាចថតបានហើយក្នុងករណីដែលប៉ុស្ដិ៍លេខ៥ដាក់រឿងថ្មីឲ្យនាងថតហើយចំពេលដែលតារារូបនេះត្រូវចេញទៅសម្ដែងនៅក្រៅប្រទេសនោះក៏ត្រូវលុបចោលគម្រោងនោះដែរ ហេតុនេះហើយបានជានាងព្រះកាយ អាកខានចេញទៅច្រៀងសម្ដែងនៅអូស្រ្ដាលី។
ក្នុងជំនួបជាមួយអ្នកការសែតតារារូបនេះបានឲ្យដឹងថានាងពិតជាលុបចោលគម្រោងចេញទៅអូស្ដ្រាលីនោះមែន តែមិនមានការសោកស្ដាយទេព្រោះថាឱកាសក្រោយៗនឹងមានទៀតហើយនាងពេញចិត្តក្នុងការធ្វើការជាមួយប៉ុស្ដិ៍លេខ៥ដោយសារតែក្រុមការងារផលិតភាពយន្ដដែលខ្មែរសហការណ៍ជាមួយថៃនោះបានបណ្ដុះបណ្ដាលឲ្យនាងទទួលបានបទពិសោធន៍ច្រើនរហូតមកដល់ពេលនេះ។
ព្រះកាយច័ន្ទបន្ថែមថាខាងប៉ុស្ដិ៍លេខ៥បានឲ្យនាងថតជាតួឯកក្នុង១ឆ្នាំ៣រឿងហើយការថតរឿងដុំនិងការធ្វើពីធីការិនីផ្សេងៗទៀតប៉ុស្ដិ៍នេះមិនហាមឃាត់ឡើយ។ ប្រភពបានឲ្យដឹងថានាងព្រះកាយច័ន្ទបានប្រាក់ខែមិនក្រោម៥០០ដុល្លាឡើយក្នុង១ខែៗពីការកុងត្រានៅប៉ុស្ដិ៍នេះ ហើយពេលនេះនាងព្រះកាយក៍ត្រូវបានទូរទស្សន៍នេះប្រគល់តំណែងជាពិធីការិនីតន្ត្រីខារ៉ាបាវ Spark Cnocert២០១៨ ដែលផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យនោះដែរទើបធ្វើឲ្យតារារាងស្វែលរូបនេះកាន់តែសប្បាយចិត្ត៕
