ភ្នំពេញ៖ លោក ចា រឹទ្ធី ដែលជាអតីតតារាសម្តែងជាងចាស់ សព្វថ្ងៃជាអ្នកគ្រប់គ្រងកម្មវិធីកម្សាន្តដ៏មានប្រជាប្រិយភាពនៅទូរទស្សន៍អាស៊ីអាគ្នេឃ៍ ។ លោកបានប្រកាសរកក្មេងប្រុសដែល ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក តាមរយៈការបញ្ចេញទឹកដមនៃការច្រៀងបទ បាត់ដំបងបណ្តូលចិត្ត ឲ្យមកច្រៀងក្នុងកម្មវិធីទូរទស្សន៍។ នៅក្នុងបណ្តាញសង្គមបន្ទាប់ពីទទួលការគាំទ្រខ្លាំង ពីកុមារា ពេជ្រ ថៃ ទាំងទឹកដមសំនៀងនិងភាពវៃឆ្លាត ដែលឡើងប្រឡងចម្រៀងនៅទូរទស្សន៍ហង្សមាស ប៉ុន្តែដោយឡែកថ្មីៗនេះលេចឡើងកុមារា ធឿន បូរី វ័យ១២ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាម។
ស្ថិតក្នុងសម្លៀកបំពាក់ឈុតពណ៌ក្រហមខោខ្លីអាវយ៉ីត ក៏មិនចាញ់ កុមារា ពេជ្រ ថៃ ដែរជាមួយនឹងការបកស្រាយបទចម្រៀងលោក តា សិនស៊ី សាមុត បទ បាត់ដំបងបណ្តូលចិត្ត ក៏កំពុងធ្វើឲ្យមហាជនជាច្រើនផ្ទុះការគាំទ្រ នឹងនាំគ្នាដាក់ពិន្ទុថា ធឿន បូរី មិនចាញ់ពេជ្រ ថៃ នោះទេ ។ ព្រមនឹងការប្រៀបប្រដូចនេះ ក៏ផ្អើលអ្នកផលិតកម្មវិធីកម្សាន្តនៅទូរទស្សន៍ អាស៊ីអាគ្នេឃ៍ លោក ចា រឹទ្ធី ប្រកាសរកកុមារា ធឿន បូរី ឡើងច្រៀងនៅក្នុងកម្មវិធីរបស់លោក ក្នុងកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេឃ៍។
ក្នុងគណនីហ្វេសប៊ុក អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តនៅទូរទស្សន៍អាស៊ីអាគ្នេឃ៍ លោក ចា រឹទ្ធ សរសេររៀបរាប់ថា«បងប្អូនជាទីស្រលាញ់ទាំងអស់ បើសិនជាមានអ្នកណាបានជួបរឺស្គាល់ប្អួនប្រុសម្នាក់នេះ សូមជួយប្រាប់ខ្ញុំផង ខ្ញុំនឹងឲ្យគាត់ច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ រឿងការចំណាយទូទៅនិងកន្លែងស្នាក់នៅខ្ញុំជាអ្នកចេញទាំងអស់ សូមអរគុណទុកជាមុន»។ ដូចនេះតាមរយៈការប្រកាសនេះធ្វើឲ្យប្អូនម្នាក់កាន់តែល្បី និងមានអនាគតភ្លឺស្វាង។
