ភ្នំពេញ៖ ប្រជាប្រិយភាពនៅទ្រឹង ក្រោមកិតិស័ព្ទសិល្បៈដ៏មហារន្ទឺ ជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់អន្តរជាតិ Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច ដែលល្បីបានតែមួយបទ«នារីក្នុងបេះដូងបងជាអ្នកណា»។ខណៈ នាង រ៉េត ស៊ូហ្សាណា ដែលមិនជាប់ពាននោះហាក់លេចធ្លោរជាងខ្លាំងទាំងបទចម្រៀងនិងស្ពតពាណិជ្ជកម្ម។
តែយ៉ាងណា ម្ចាស់ពានតារាចម្រៀងលំដាប់ពិភពលោកនាង ឈិន ម៉ានិច្ច មិនបាក់ទឹកចិត្តនិងប្រជាប្រិយភាពនេះទេ ខណៈនាងក៏បានបង្ហើបថា កំពុងត្រៀមទទួលការងារថ្មី ពីផលិតកម្មហង្សមាស ដែលទើបនឹងផ្តល់ដំណឹងមកឲ្យនាងថ្មីៗនេះ។
ម្ចាស់ពានរូបនេះក៏បានពោលទៀតថា«ខ្ញុំសង្ឃឹមមានភាពលេចធ្លោរជាងនេះ ជាមិនខាននៅពេលដែលមានទាំងបទចម្រៀងនិងភាពយន្ដចេញព្រមគ្នានោះ»។ ក្នុងភាពទំនុកចិត្តនេះ ឈិន ម៉ានិច្ច ក៏បានឲ្យដឹងថា «ហង្សមាសបានជូនដំណឹងទៅខ្ញុំហើយ ថាឲ្យត្រៀមខ្លួនឆាប់ៗនេះដើម្បីថតរឿងថ្មីមួយ តែមិនទាន់ដឹងថាជាតួឯកឬរងនោះទេ ហើយខ្ញុំនឹងទទួលថតដោយរីករាយ ទោះជាតួអ្វីក៏មិនប្រកាន់ដែរគឺចង់ប្រឡូកអាជីពចម្រៀងនិងភាពយន្ដឲ្យបានព្រមគ្នា»។
