កោះកុង៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការ WCS និងប្រជាជនសហគមន៍ បានរកឃើញអណ្តើកហ្លួង ចំនួន០១សំបុកមានពងចំនួន១៦គ្រាប់នៅប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង។ អង្គការWCS បានផ្តល់ការងារដល់សមាជិកសហគមន៍ចំនួន០៤នាក់ឲ្យយាមសំបុកអណ្តើកហ្លួងនេះ រហូតដល់កូនវាញាស់។ វាគឺជាសំបុកអណ្តើកហ្លួង ទី០១ដែលរកឃើញនៅក្នុងឆ្នាំ២០១៨នេះ។

អណ្តើកហ្លួង ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុង រងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ការដាក់ឈ្មោះអណ្តើក ហ្លួងយ៉ាងដូច្នេះ ពីព្រោះកាលពីមុនមានតែគ្រួសាររាជ្យវង្សប៉ុណ្ណោះ ដែលអាចសោយពងវាបាន។ ព្រះរាជក្រឹត្យនស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ បានដាក់បញ្ចូលអណ្តើកហ្លួងជាប្រភេទ សត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា។