អតីតពិធីការិនីមាឌតូចល្អិត នាង ឈិន ច័ន្ទសុធារី ដែលកំពុងនឹងឈឺចិត្តស្អិតទ្រូង ចិញ្ចឹមកូនភ្លោះម្នាក់ឯង ត្បិតប្តីពេញប្រពៃណីខាន់ស្លា លោក សុវណ្ណ មករា ទៅមានអ្នកថ្មី មិនអាល័យកូនភ្លោះអាយុនៅជាកូនង៉ានោះ ។ ថ្មីៗនេះនាងក៏បង្ហាញទំនុកចិត្ត លើរបរបើកអាហារដ្ឋាន ទាំងយកកូនភ្លោះនាងទាំងពីរធ្វើជាស្លាកយ៉ីហោ ។
ក្នុងភាពរង្គោះរង្គើចំណងជីវិតអាពាហ៍ពិពាហ៍ដែលបង្កើតបានកូនភ្លោះប្រុសស្រីពីរ អ្នកនាង ឈិន ច័ន្ទសុធារី រមែងផុសរូបក្នុងហ្វេសប៊ុក ដែលបង្ហាញពីអត្តសញ្ញាណស្រ្តីដែលតាមតោងស្នេហ៍លោក សុវណ្ណ មករា បំបែកពីនាងនិងកូនៗ។ ខណៈនាងក៏បង្ហាញយ៉ាងទទួចហៅលោក ឪពុកកូនភ្លោះនាងទាំងពីរឲ្យមកធ្វើការផ្តិតមេដៃ ដើម្បីបញ្ចប់សម្ព័ន្ធភាពប្តីប្រពន្ធ ដែលមានតែភាពឈឺចាប់ និងប្រគល់ផ្ទះរបស់នាង ដែលបានទិញបង់រំលោះឲ្យទៅជាមរតកសម្រាប់កូនៗ»។
តែទោះបីជាយ៉ាងណាលោក សុវណ្ណ មករា នៅតែរក្សាសិទ្ធចេញចូលផ្ទះ ឈិន សុធារីនិង មកលេងកូនភ្លោះទាំងពីរដែលជាតំណក់ឈាមរបស់លោកនោះ លោកក៏ត្រូវបានគេមើលឃើញថា នៅរាល់សារ នាង ឈិ សុធារី បង្ហោះបង្ហាញភាពឈឺចិត្តនិងការសម្រេចចិត្តបញ្ចប់ជីវិតនៅលីវ និងភ្ជាប់រូបថតនានា លោក សុវណ្ណ មករា គេតែងតែចុច like ទៀតផង។
ប៉ុន្តែនៅក្រោមការទន្ទឹង សេរីភាពពីលោក សុវណ្ណ មករា ក៏នៅមិនទាន់បញ្ចប់នោះក្តី អ្នកនាង សុធារី ដែលកំពុងមមាញឹកនឹងការមើលថែកូនភ្លោះនោះ ក៏ឆ្លៀតបើកជំនួញភោជនីដ្ឋាន ទាំងដាក់ឈ្មោះ យ៉ីហោ ផ្ទះកូនភ្លោះ ដែលមានទីតាំងនៅ ជិតហាងកែសម្ជស្សរបស់តារាសម្តែង សារាយ សក្ខណា នៅទួលគោក។ ក្នុងនោះ អ្នកនាង ឈិន ច័ន្ទសុធារី ក៏បានបង្ហាញថា ភោជនីដ្ឋាន ផ្ទះកូនភ្លោះត្រៀមសម្ភោធក្នុងពេលខាងមុខនេះ ។ ដែលរំពឹងផងដែរ ពីស្លាកយីហោហាង ដាក់ផ្ទះកូនភ្លោះនិងទទួលការគាំទ្រច្រើន »។
