ភ្នំពេញ៖ ខណៈតារាល្បីជាច្រើនចាប់ផ្ដើមលេងសំភារៈប្រ៊េនៗ បង្អួតគ្នា លោកអេឡិចត្រាជាតារាល្បីនិងប្រឡូកសិល្បៈជាច្រើនឆ្នាំមកហើយនោះក៏ហាក់មិនឱ្យចាញតារាស្រករក្រោយប៉ុន្មានដែរពោលគឺលោកក៏ត្រូវបានគេទទួលស្គាល់ថា ជាតារាលេងខ្លួនជាមួយសំភារៈសំបើមណាស់ដែរ។

ជួបអេឡិច ចិន្រ្ដា លោកបញ្ជាក់ថា៖«ក្នុងនាមជាតារាសិល្បៈដែលមានឈ្មោះល្បីម្នាក់ដែរបើយើងប្រើតែសំភារៈសាមញ្ញពេកក៏មិនកើតដែរ ធ្វើអោយយើងចូលសង្គមមិនចុះ។ អេឡិច ចិន្រា្ដ បានបញ្ជាក់ប្រាប់ថា សំភារៈដែលលោកប្រើនោះមានដូចជា សំលៀកបំពាក់ ស្បែកជើង ខ្សែក្រវ៉ាត់ កាបូប ដែលមានម៉ាកល្បីៗដូចជា ZARA, Hammez, Levis, LV, Petro ជាដើម។

បច្ចុប្បន្នការប្រើប្រាស់សំភារៈដែលម៉ាកល្បីៗកំពុងតែក្លាយជាការពេញនិយមរបស់តារាក្នុងស្រុកនិងប្រជាជនខ្មែរទូទៅទៅហើយ តែការចំណាយទៅលើសំភារៈល្បីៗទាំងនោះវាអាស្រ័យទៅចំណូលរបស់ពួកគេផងដែរព្រោះសំភារៈដែលមានម៉ាកល្បីៗទាំងនោះ សុទ្ធតែមានតំលៃខ្ពស់ៗ។

ដោយឡែកតារាសម្ដែង អេឡិច ចិន្រ្ដា បានលើកឡើងថា ការប្រើសំភារៈម៉ាកល្បីៗពិតជាត្រូវចំណាយប្រាក់អស់ច្រើនមែនរហូតលោកត្រូវចំណាយប្រាក់ដល់៣ទៅ៤ពាន់ដុល្លារពេលទិញវាម្ដង តែវាចាំបាច់ត្រូវតែប្រើខានមិនបាន ព្រោះសំភារៈទាំងនោះក្រៅពីការប្រើទៅមានគុណភាពល្អ ជាប់ម៉ាំ ប្រើបានរយៈពេលយូរ ពិសេសនៅពេលស្លៀកពាក់ចូលនៅក្នុងកម្មវិធីធំៗ ធ្វើអោយខ្លួនលោកមានឧត្ដម្ភភាព៕