ភ្នំពេញ៖ យុវត្តីសិក្សានៅសាលាអន្តរទ្វីបអាមេរិកកាំង នាង រ៉េត ស៊ូហ្សាណា ដែលសាងភាពភ្ញាក់ផ្អើលកក្រើកវិថីសិល្បៈ រំពេចពីការប្រឡងចម្រៀងនៅទូរទស្សន៍ហង្សមាស ភាគច្រើនបកស្រាយសំនៀងជាភាសាបរទេស និងបានសម្រេចមហិច្ឆិតា ក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មហង្សមាសផងនោះ ។

ថ្មីៗនេះនាងក៏សម្រេចជោគវាសនា លើឳកាសសិក្សាដោយបានប្រឡងជាប់បាក់ឌុបផងដែរ។ លទ្ធផលផ្លូវការដែលក្រសួងបានប្រកាសនោះក្នុងចំណោមបេក្ខជនសរុប ១០១ ៤១៣ នាក់ដែលមានឈ្មោះប្រឡង គឺមានបេក្ខជនសរុប ៦៣៦៦ នាក់បានជាប់ជាស្ថាពរ ក្នុងចំណោមបេក្ខជនប្រឡងជាប់ទាំងអស់ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស គឺកញ្ញា រ៉េត ស៊ូហ្សាណា ក៏ជាប់ផងដែរ ។ ផ្អែកតាមតារាលទ្ធផលដែលយកចេញពីគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និង កីឡា បានបង្ហាញថា បេក្ខនារី រ៉េត ស៊ូហ្សាណា មានលេខតុ ៦៦១ នៅមណ្ឌលប្រឡងវិទ្យាល័យ ជាស៊ីម បឹងកេងកង ដែលមកពីសាលាអន្តរទ្វីបអាមេរិកាំង បានប្រឡងជាប់ជាស្ថាពរហើយ ដោយទទួលបាននិទ្ទេស E ។

ពិតជាមិនធម្មតាឡើយសម្រាប់តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា ព្រោះពេលនេះនាងមិនត្រឹមតែកំពុងទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈទេ សូម្បីការសិក្សាក៏នាងបានទទួលលទ្ធលផលល្អដែរ បើទោះជានាងទទួលបានត្រឹមតែនិទ្ទេស E សម្រាប់ការប្រឡងបាកឌុបឆ្នាំនេះក្តី ។ ព្រមជាមួយគ្នានោះនៅក្នុងគណនីហ្វេសប៊ុក កញ្ញា រ៉េ ហ្សូសូណា នាងក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយសាទរនឹងលទ្ធផលប្រឡងដែលរូបគេទទួលបានជោគជ័យ ។ ជាមួយនឹងពាក្យខ្លីថា ការតស៊ូរយៈពេល១២ឆ្នាំ បានសម្រេចបំណងហើយ ខណៈអ្នកគាំទ្រក៏មានការលើកទឹកចិត្តនាងច្រើន»។