ត ភ្នំពេញ៖ តារាស្រី គង់ ចាន់ស្រីមុំ បង្ហាញពីរូបភាពផ្ទះឈើចាស់ ពពុកផុយ ទ្រុឌទ្រោមស្ទើរតែបាក់បែក នៅស្រុកកំណើតក្នុងខេត្តបាត់ដំបង ភ្ជាប់សាររៀបរាប់ដ៏វែងអន្លាយរំលឹកពីអតីតកាលរបស់នាង។

 

ក្នុងសារតារាសម្តែងដែលជោគជ័យទាំងជំនួញ និងទាំងជីវិតគ្រួសារក៏ទទួលបានភាពកក់ក្តៅនោះ នាងរៀបរាប់យ៉ាងដូច្នេះថា «ឱ្យតែមកលេងបាត់ដំបង ពេលណាក៏មិនភ្លេចមកមើលផ្ទះកំណើតរបស់ខ្ញុំដែរ។ ផ្ទះឈើតូចមួយនេះពោរពេញទៅដោយអនុស្សាវរីយ៍ជាច្រើនរបស់គ្រួសារខ្ញុំ។ ផ្ទះតូចពិតមែន តែមិនចង្អៀតទេ ផ្ទះនេះនៅរក្សារូបរាងដើមបានយ៉ាងល្អអស់រយៈពេល 30ឆ្នាំជាង តែពេលនេះបានផ្លាស់ប្តូរម្ចាស់ទៅហើយ…។

 

នាងគង់ ច័ន្ទស្រីមំុ កំពុងត្រៀមចិត្តកាយក្លាយខ្លួនជាម្តាយគេលើកដំបូងរួមតំណក់ឈាមស្វាមី លោក គឹម សីហានោះ នាងបន្តថា ខ្ញុំកើតនៅក្នុងផ្ទះឈើដ៏តូចមួយនេះពិតមែន តែលោកអ្នកមានគុណទាំងពីរ មិនដែលឱ្យខ្ញុំស្គាល់ពាក្យថាលំបាកម្តងណាឡើយ រស់នៅផ្ទះតូចតែមានរបស់ប្រើប្រាស់មិនចាញ់គេ លោកទាំងពីរមិនដែលឱ្យកូនៗខ្វះខាតឡើយ…»។

 

នាងបន្ថែមទៀតថា «ហើយខ្ញុំមានថ្ងៃនេះក៏ព្រោះតែលោកទាំងពីរ និងមនុស្សប្រុសដែលកំពុងឈរក្បែរខ្ញុំ តែងប្រដៅ និងផ្ដល់កម្លាំងចិត្តដល់ខ្ញុំជានិច្ច…។ ថ្ងៃណាមួយយើងទាំងពីរនាក់ និងធ្វើឱ្យផ្ទះតូចក្លាយទៅជាផ្ទះធំដូចក្នុងក្តីស្រមៃឱ្យបាន មិនថាពេលវេលាយូរប៉ុនណាក៏ដោយ (ឱ្យតែមានក្តីស្រមៃ ថ្ងៃណាមួយយើងនឹងបានទៅដល់គោលដៅ) »៕