ភ្នំពេញ៖ កាលពីម្សិលមិញនេះ អតីតកីឡាករដ៏ល្បីដែលបានឈានជើងចូលប្រឡូកវិស័យសិល្បៈដំបូងគេបង្អស់ លោក ជៀស ស្រួច ត្រូវបាននារីម្នាក់ បង្ហោះសារទារលុយ​លើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យកក្រើក ខណៈនាងសរសេរសារថា «សូមបងប្រុសមេត្តារក្សាតម្លៃខ្លួនឯង ឲ្យបានគង់វង្សផង ប្អូនស្រីម្នាក់នេះទុកមុខឲ្យបងប្រុសជាលើកចុងក្រោយ ក្នុងខែមិនា សូមបងប្រុសមេត្តាចូលខ្លួនមកដោះស្រាយ ជាមួយប្អូនជាបន្ទាន់ កុំឲ្យមានបញ្ហាកាន់តែធំ»។

សារនេះ ត្រូវបានលោក ជៀស ស្រួច បានដឹងឮរួចជាស្រេច ប៉ុន្តែលោកមិនបានឆ្លើយតបសារយ៉ាងណានោះទេ។ ទាក់ទិនរឿងនេះស្ត្រីរូបនោះ បានបញ្ជាក់ថា «លោក ជៀស ស្រួច បានសន្យាថា ស្អែកៗ មួយពាន់ដង»។ ពាក្យសន្យាខ្យល់របស់ ជៀស ស្រួចពេលនេះ ត្រូវបាននារីរូបស្រស់ឈ្មោះ «រស់ ស្រីអូន» បានគំរាមថា «ប្រយ័ត្នមានរឿងធំ» ប្រសិនបើអំឡុងខែមីនា លោកមិនសងលុយទៀត។

ទោះជាយ៉ាងណា នាងនៅតែឲ្យតម្លៃ ជៀស ស្រួច ដដែល ដោយនាងបានលើកឡើងថា «បងប្រុស ជៀស ស្រួច ជាទីគោរព ដែលបងប្អូនក្នុងស្រុក នឹង ក្រៅស្រុកស្គាល់បង ថាជាអ្នកប្រដាល់ជើងចាស់ មួយរូប ពិសេស គឺ បទចំរៀងមួយបទដែលមានចំណងជើងថា បេះដូងអ្នកប្រដាល់»៕