ភ្នំពេញ៖ តុលាការបានសម្រេចចិត្តចេញសាលដីកា ផ្តន្ទាទោស លោក គុយ សិទ្ធសក្ដិ ដែលត្រូវជាអតីតគូដណ្ដឹង តារាចម្រៀង វ៉ាន់ នីឡា ឲ្យជាប់ពន្ធធនាគាររយៈពេល១ឆ្នាំ និងពិន័យជាទឹកប្រាក់ប្រមាណ ២០០ លានរៀល (៥ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងលួចទម្លាយរូបស្រាត របស់វ៉ាន់ នីឡា កាលពីឆ្នាំ ២០១៥ កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទលោក គុយ សិទ្ធសក្ដិ នៅតែបន្តមានសេរីភាព ដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ។

ទាក់ទិនរឿងនេះ លោក សុខ ជំនោរ បងប្រុសបង្កើត សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «កុំនិយាយពីច្បាប់ និងតុលាការទៀតអី ខ្ញុំនិងគ្រួសារ ឆ្អែត និងយល់ច្បាស់ ពីអំណាច និងអ្នកមានលុយនៅស្រុកខ្មែរហើយ។ ពេលនេះ យើងចាញ់ ជនល្មើស»។