ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញ ថ្ងៃទី៨ មីនា សមាគមសិល្បករខ្មែរ បានឡាយវីដេអូ ប្រមូលថវិកាមូលនិធិ ដើម្បីជួយសង្គ្រោះតារាសម្តែង និងចម្រៀង លោក យូនីស្កូ ដែលត្រូវវះកាត់ដូរក្រលៀនជាចាំបាច់ បើមិនដូច្នោះទេ លោកប្រហែលជាមិនអាចទ្រាំទ្រទៀតបានឡើយ។ ក្នុងការឡាយវីដេអូរយៈពេលជាង ៣ម៉ោងនោះ ឃើញថា បងប្អូនសប្បុរសជនជិតឆ្ងាយ មានទាំងក្នុង និងក្រៅប្រទេស បានជួយឧបត្ថម្ភជាថវិកាយ៉ាងសស្រាក់សស្រាំ ព្រោះតែការអាណិត ស្រលាញ់លោក យូនីស្កូ ហើយម្នាក់ៗសុទ្ធតែមិនចង់បាត់បង់តារាជើងចាស់ម្នាក់នេះឡើយ។
ក្រោយចប់កម្មវិធី អ្នកនាង ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានសរុបថវិកាដែលប្រមូលបានពីបងប្អូនសប្បុរសជន ដោយអ្នកនាងបានបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា «មូលនិធិយូនីស្កូ បណ្តោះអាសន្នប្រមូលបានសរុបសំរាប់ថ្ងៃទី៨ខែមិនានេះ គឺ $7,930 និង ២លាន៨សែនរៀល សំរាប់ជួយលោក យូនីស្កូ គាត់ត្រូវការរហូតដល់ ៥មុឺនដុល្លារ ដើម្បីវះកាត់ប្តូរក្រលៀន»។ ប្រភពដដែលបានបញ្ជាក់ថា «ស្អែកនេះក្រុមការងារនឹង live ម្តងទៀតនៅម៉ោង ៦ល្ងាច! លោកអ្នកអាចផ្តល់ជំនួយតាមរយៈលេខ 071 2233057/ 095 669 035/ 087 76 26 26»។
