ភ្នំពេញ៖ តារាចម្រៀងប្រភពមកពីផលិតកម្មរ៉ក កញ្ញា ផន ស្រីខួច មានវាសនាខ្ពស់តោងបានទ្រនំដ៏ធំនៅប្រទេសកម្ពុជា គឺផលិតកម្មហង្សមាស តែយ៉ាងណា នាងហាក់ស្ងប់ស្ងាត់ក្រោយចូលហង្សមាសច្រើនឆ្នាំមកនេះ ព្រោះតែផលិតកម្មមួយនេះ​ប្រជុំដោយតារាល្បីៗរាប់សិបនាក់ ម្ល៉ោះហើយទើបនាងពិបាកក្នុងការជ្រៀតជ្រែកទីផ្សារ​។

តាមការកត់សម្គាល់មួយរយៈចុងក្រោយនេះ តារាចម្រៀង ស្រីខួច ចេះតែមានរឿងម្តងអញ្ចេះម្តងអញ្ចុះ ដែលធ្វើឲ្យនាងមិនសប្បាយចិត្តសោះ រហូតកាលពីម្សិលមិញថ្ងៃទី១០ មីនា ២០១៨ នាងបានដើរគយគន់ស្រែស្រូវអ៊ីអ៊ែ នៅជិតទីរួមខេត្តព្រៃវែង ដើម្បីបន្ទូរអារម្មណ៍តប់ប្រម៉ល់ទល់ពុទ្ធោ ទាំងក្នុងការងារ និងជីវិតឯកជនរបស់នាង។ ដំណើរទៅព្រៃវែងនោះ ត្រូវបានគេដឹងថា នាងទៅច្រៀងនៅការប្រគំតន្រ្តីទីរួមខេត្តព្រៃវែងយប់ថ្ងៃទី៩ ហើយព្រឹកឡើងនាងឆ្លៀត​ឱកាស ដើរមើលទេសភាពស្រូវបងប្អូនកសិករមុនត្រលប់មកភ្នំពេញវិញ។