ភ្នំពេញ៖ ក្រោយចេញបទ «រាំបិទគូទ» បង្ហោះសារធារណៈលើបណ្តាញសង្គមហ្វេសប៊ុកមិនទាន់បានប៉ុន្មានថ្ងៃផង តារាចម្រៀងមានងារជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ត្រូវបានលោកអាចារ្យធំ បានរិះគន់យ៉ាងចាស់ដៃថា ធ្វើឲ្យប៉ះពាល់តម្លៃវប្បធម៌ជាតិខ្មែរ ខណៈបទនោះ លោកបានដាក់ Cover រូបល្ខោនខោល និងល្ខោនស្បែកធំ។

ពាក់ព័ន្ធរឿងនេះ លោកអាចារ្យធំ ប្រត្តិកម្មខ្លាំងៗថា «ក្នុងនាមលោក ឡេង ណាវ៉ាត្រា មានងារជាឧកញ៉ាផងនោះ មិនសមណាយករូបល្ខោនខោល និងល្ខោនស្បែកធំ កាត់តដាក់ក្នុងបទចម្រៀង «រាំបិទគូទ» សោះ ព្រោះថា បទនោះជាប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ ដែលក្មេងៗនិយមហៅថា បទបែកស្លុយ និយាយទៅវាមិនមែនជារឿងល្អនោះទេ ដែលលោកធ្វើបែបនេះ»។

ប្រភពដដែលបន្តថា «មិនដឹងលោកធ្វើនេះចង់មានន័យថា យ៉ាងម៉េច ខ្ញុំមិនយល់ដែរ ម្ល៉ោះហើយខ្ញុំសូមឲ្យលោក ឡេង ណាវ៉ាត្រា ចេញមុខបកស្រាយជាបន្ទាន់! ព្រោះរឿងនេះជារឿងជាតិសាសន៍ មិនអាចយកមកលេងសើចបានទេ»។ កន្លងមកយើងធ្លាប់ឃើញតែមានការរិះគន់លើអត្ថន័យបទចម្រៀង ប៉ុន្តែបទ រាំបិទគូទ មិនត្រូវបាគេរិះគន់លើអត្ថន័យឡើយ តែផ្ទុយទៅវិញលោកអាចារ្យធំបានរិះគន់ទៅលើ​ Cover ក្នុងវីដេអូនោះយ៉ាងចាស់ដៃ។