ភ្នំពេញ៖ ក្រោយពីក្រសួងវប្បធម៌ឡាវ បានស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់បញ្ជូនសម្បត្តិវប្បធម៌ជាតិ ចូលជាបេតិកភណ្ឌពិភពលោក ប្រជាជនកម្ពុជា បានស្នើឲ្យក្រសួងមានសមត្ថកិច្ចរបស់កម្ពុជាចាត់វិធានការទប់ស្កាត់ និងដោះស្រាយរឿងនេះ។ ប៉ុន្តែឯកឧត្ដម ថៃ នៈសត្យា ដែលជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ថា «កម្ពុជាមិនអាចប្រតិកម្មជំទាស់ឡាវ ដែលស្នើដាក់ចង្វាក់រាំវង់ ជាសម្បត្តិបេតិកភណ្ឌអរូបីបាននោះទេ ព្រោះប្រទេសគេមានសម្បត្តិវប្បធម៌ស្រដៀងខ្មែរ។ ដូចនេះ គេអាចស្នើដាក់បាន»។
មុនយើងធ្វើការវិនិច័យថា តើការបកស្រាយរបស់ក្រសួងវប្បធម៌ខ្មែរ សមស្របដែរឬទេ? ងាកទៅមើលការផ្សព្វផ្សាយក្នុងស្រុកខ្លះបានផ្សព្វផ្សាយថា៖ ក្រោយពីបានជួបសាកសួរសាស្រ្តានៅសាលាវិចិត្រសិល្បៈមួយចំនួនមក ទើបដឹងថា ក្បាច់រាំរបស់ខ្មែរ ស្ទើតែទាំងអស់ មិនមែនជាក្បាច់ ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែ «រាំក្បាច់» ព្រោះចង្វាក់នេះ ខ្មែរយើងបានយក ចេញពីរបាំអប្សរា មកច្នៃឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។ក្នុងការផ្សព្វផ្សាយនោះបានបង្ហាញទៀតថា ចំពោះក្បាច់រាំ ដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកមកច្នៃឲ្យក្លាយមកជារបស់ខ្មែរ ពោលគឺមិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយ ដោយគ្រាន់តែខ្មែរយើង មានបទពិសោធន៍ពីកែ អាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន។ ខ្មែរយើងច្នៃ ល្អជាងម្ចាស់ដើមគេទៅទៀត។
ក្នុងការផ្សព្វផ្សាយ ដែលចំពេលដែលកូនខ្មែរ កំពុងបង្ហាញជំហរ ឈឺឆ្អាលនិងក្រសួងវប្បធម៌របស់ប្រទេសឡាវ បានស្នើទៅអង្កការយូឌីស្កូ ដើម្បីដាក់បញ្ចូល ចង្វាក់ឡាំវង្ស ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ក៏បានបង្ហាញទៀតថា ក្បាច់ទាំងអស់នេះ ត្រូវបានលោកសាស្ត្រាចរ្យប្រាប់ថា ប្រហែលជាលោកយាយ ម៉ែម៉ឺន អ្នកនាំយកមក ព្រោះថាតាំងពីសតវត្សឆ្នាំ៥០ លោកយាយមកធ្វើការបម្រើ ឬធ្វើជាអ្នករបាំព្រះរាជទ្រព្យ តាំងពីលោកយាយនៅក្មេង អាយុ ៧ឆ្នាំ ហើយលោក យាយម៉ែម៉ឺន នេះទៀតសោត ត្រូវបានមន្រ្តីបម្រើការនៅក្នុងព្រះបរមរាជវាំងអះអាងថា លោកយាយ គឺជាជនជាតិឡាវ (លាវ) មិនមែនជាកូនខ្មែរសុទ្ធទេ។ ម្ល៉ោះហើយចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ ត្រូវបានគាត់យកមកផ្សព្វផ្សាយដើម្បីឲ្យជាតិសាសន៍ខ្មែរ ស្គាល់ឡាវ ប៉ុន្តែខ្មែរបានច្នៃចង្វាក់ទាំងនោះ ជារបស់ខ្មែរវិញ៕