ភ្នំពេញ៖ នៅថ្ងៃទី១៥ខែមីនា នៅក៏លេចឡើងព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍លើតារាសម្តែងនិងពិធីការិនីក្មេងខ្ចី កញ្ញា ណូម័រ ដែលបង្ហាញថា នាងក៏ត្រូវសង្សាតាមរំអុកសូមរៀបការឲ្យខាន់តែបាននៅឆ្នាំ២០១៨នេះ។

ជុំវិញព័ត៌មាននេះដែរ ស្រីស្រស់ក្មេងមុខមានមន្តស្នេហ៍ កញ្ញា ណូម័រ ក៏បានសារភាពប្រាប់តារាញូស៍ថា រឿងនេះជារឿងពិត ដែលពេលនេះខ្ញុំកំពុងត្រូវបានបុរសវ័យក្មេងរូបសង្ហាម្នាក់តាមរំអុកសូមរៀបការនៅឆ្នាំនេះ ។ ដែលតាមហើយតាមទៀត លេងតាមមែនទែនហ្មងហ្នឹង»។

ជាមួយនឹងសំដីដែលសារភាពនឹងតារាញូស៍នេះ ណូម័រក៏បានស្រាយអាថ៌កំបាំងនេះឲ្យមហាជនអស់ចម្ងល់ផងដែរ ជុំវិញអត្តសញ្ញាណប្រុសក្មេងរូបសង្ហាដែលសុំនាងរៀបការនោះ។ ដោយនាងប្រាប់ថា «ពួកខ្ញុំបានស្គាល់គ្នាមិនមែនទើ​ប​​តែថ្មីៗនេះទេ ស្គាល់គ្នាដប់ឆ្នាំហើយ តាំងពីរៀនថ្នាក់បឋម តែខ្ញុំរាប់អានគាត់ត្រឹមជាមិត្តភក្តិហើយខ្ញុំក៏ធ្លាប់ប្រា​ប់​ហើយប្រាប់ទៀតថា ខ្ញុំមិនទទួលយកស្នេហាជាមួយគាត់ទេ ប៉ុន្តែគាត់នោះមិនខ្វល់ពីពាក្យសំដីខ្ញុំទាំងអស់ នៅ​តែ​រក្សាចិត្តតាមស្រឡាញ់ លុះសព្វថ្ងៃ ហើយឆ្នាំនេះលេងមែនទែន តាមសុំខ្ញុំរៀបការទាំងបង្ហោះសារក្នុងហ្វេស​ប៊ុកផង»។

នាងក៏បានបញ្ជាក់ទៀតថា «តែយ៉ាងណាស្នេហានេះខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំនៅក្មេង ហើយនៅមានភារៈច្រើនសម្រាប់ជំហរគ្រួសារខ្ញុំ ហើយពាក្យខ្ញុំក៏បានបញ្ជាក់ប្រាប់ទៅគាត់ទៀតហើយដែរ»។