ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីសាច់សាលោហិត ខាន់ ជេមស៍, កញ្ញា វីរៈ និច បានបង្ហាត់ភ្លើងស្នេហ៍ជាតារាចម្រៀងផ្តើមពីអាជីពកំប្លែងនាយ ចឺម យ៉ាងផ្អែមល្ហែមដូចស្ករត្នោត ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រចង់ជ្រេញ ខណៈអ្នកទាំងពីរបានបដិសេធថា «គ្រាន់តែជាមិត្តភក្រ» ព្រោះការនិយាយបែបនេះមានច្រើនគ្នាហើយ ដំបូងឡើយមិត្ត លុះបានកូនមួយ ឈប់ប្រកែកថាមិត្តភក្រទៀត។

ក្រោយសាងស្នេហាផ្អែមល្ហែមជាមួយគ្នាមិនទាន់បានប៉ុន្មានផង ស្រាប់តែតារាចម្រៀងស្រី កញ្ញា វីរៈ និច បានបង្ហោះសារសប្បាយចិត្តដូចរួចផុតពីអន្ទាក់ស្នេហ៍ប្រុសព្រានអីចឹង ក្នុងនោះនាងបានសរសេរថា «ជយោ! ជយោ! សង្សារសុំបែកហើយ»។ យ៉ាងណាមិញមើលទៅទឹកមុខរបស់នាង នៅតែសប្បាយរីករាយដដែល ពោលគឺគ្មានរឿងអ្វីដែលធ្វើឲ្យនាងខូចចិត្តព្រោះប្រុសព្រាបម្នាក់នោះឡើង ព្រោះថានាងក៏មិនបានស្រលាញ់ស្មោះអស់ពីចិត្តដែរ ម្ល៉ោះហើយការបែកគ្នាជារឿងធម្មតា។ ទោះបីជានាងមិនបានបញ្ជាក់ឈ្មោះបុរសគូស្នេហ៍មែន ប៉ុន្តែអ្នកគាំទ្រសង្ស័យថា «នាងបែកពីនាយ ចឺម»។