កម្ពុជា៖ របរអ្វីក៏ល្អដែរឲ្យតែសង្គមជាតិទទួលស្គាល់ លើកលែងតែរបរដែលច្បាប់ហាមឃាត់ប៉ុណ្ណោះ អញ្ចឹងហើយបើយើងមានជំនាញអ្វីយើងធ្វើការតាមជំនាញនោះទៅគឺឆាប់ទទួលបានជោគជ័យ តួយ៉ាងអ្នកស្រលាញ់ចូលចិត្តកីឡាប្រដាល់ អ្នកតែងប្រាថ្នាចង់ក្លាយជាកីឡាករដ៏ល្បី ប៉ុន្តែរបរមួយនេះសម្រាប់កម្ពុជា​ហាក់មិនសូវមានការយកសចិត្តទុកដាក់ពីសំណាក់ស្ថាប័នពាក់ព័ន្ធឡើយ ពោលគឺកីឡាមួយចំនួនធំគ្មានហាត់ដិតដល់ ដែលជាហេតុមិនអាចឈានជើងចូលប្រគួតនៅបណ្តាប្រទេសធំលើសកលលោកបាន។

សំណួរបានចោទសួរថា «ហេតុអ្វីកីឡាករមិនហាត់ឲ្យបានដិតដល់ដូចគេ?» ត្រង់ចំណុចនេះពិបាកបន្ទោសកីឡាករដែរ ព្រោះថា បើខំតែហាត់មួយមុខនោះច្បាស់ជាគ្មានអង្ករច្រកឆ្នាំងឡើយ ម្លោះហើយបានពួកគេហាត់បណ្តើរ និងឆ្លៀតធ្វើការផ្សេងបណ្តើរ ដោយអ្នកខ្លះរត់ម៉ូតូឌុប និងអ្នកខ្លះទៀត ធ្វ់ើកម្មករសំណង់។ ពេលឡើងវ៉ៃម្តងៗ ទោះឈ្នះក្តីចាញ់ក្តី បានលុយបន្តិចបន្ទួច គ្រាន់តែព្យាបាលរបួសចង់អស់បាត់ទៅហើយ។