ភ្នំពេញ៖ លោក កៅ សីហា អ្នកដឹកនាំរឿង និងចម្រៀងប្រចាំក្រុមហ៊ុនរស្មីហង្សមាស បានសម្តែងការហួសចិត្តចំពោះរូបភាពដែលបានបង្ហាញឃើញនូវបដាផ្សព្វផ្សាយពាក្យស្លោករបស់ខាងស្ថាប័នក្រសួងទេសចរណ៍ ប៉ុន្តែបែរជាខុសអក្ខរាវិរុទ្ធទៅវិញ។

ដោយសារហួសចិត្តនោះបានរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាសង្គមហ្វេសប៊ុករបស់លោកថា«ធ្លាប់ឃើញខុសជាញយៗ មិនថាស្លាកប៉ាយ ស្លាកទិសស្លោក ឬស្លាកអបអរ ឬស្លាកជាសារ នានា ដែលខាងស្ថាប័ននីមួយៗរៀបចំឡើង ចងជាប់ដាក្នុទីសាធារណៈ។

ខណៈលោកលើកឡើងជាចម្ងល់ទៀតថា«ឆ្ងល់ណាស់ថា តើមុននឹងព្រីនយកមកចង មានអ្នកពិនិត្យដែរឬក៏អត់?ខាងរដ្ឋបាលស្ថាប័នមួយៗ មិនមែននឹកឃើញព្រីនតាមចិត្តឯណា ត្រូវមានចំណារ នឹងជ្រើសរើសពាក្យជាច្រើន មុន​នឹងសម្រេចយកមកផ្សព្វផ្សាយ»។

ជាចុងក្រោយអ្នកដឹកនាំរឿថល្បីឈ្មោះរូបនេះក៏ផ្ដល់ជាយោបល់ទៀតថា«មុនព្រីន មិនបានឆ្លងយោបល់លើអក្ខរាវិរុទ្ឋទៅចុះ ប៉ុន្តែពេលព្រីនហើយ ម្នាក់ៗអត់មានយកភ្នែកមើលទេឬបានជានៅតែយកមកចងបង្ហាញផ្សព្វផ្សាយបែបនេះ? មិនយល់!”។

យ៉ាងណាមិញក៏មានមហាជនជាច្រើនបានសម្តែងការរិះគន់ ចំពោះកង្វះខាតមិនយកចិត្តទុកដាក់ ត្រួតពិនិត្យនូវពាក្យពេជន៍ដែលបានផ្សព្វផ្សាយ និងជាគំរូមិនល្អសម្រាប់សង្គម៕