ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះសិល្បៈបែបស្រគត់ស្រគំហាក់ពុំមានទីផ្សារគាប់ប្រសើរប៉ុន្មាននោះឡើយ ដូចជាអ្នកសិល្បៈលេងល្ខោនបាសាក់បានធ្លាក់ខ្លួនលក់ដូររកស៊ីតាមចិញ្ចើមផ្លូវ ឃើញហើយគួរឲ្យអាសូរ ព្រោះមិនសូវកាក់កប និងពុំមានការគាំទ្រអភិរក្សផ្សព្វផ្សាយឲ្យទូលំទូលាយ។

យ៉ាងណាមិញតារាពហុជំនាញ ខាត់ សុឃីមដែលជាអ្នកតែងតែលើកស្ទួយសិល្បៈបុរាណនោះក៏បង្ហោះសារមួយភ្ជាប់ជាមួយនឹងរូបភាពសិល្បករល្ខោនបាសាក់ រួមជាមួយនឹងការរៀបរាប់ថា«ខ្ញុំអស់អាជីពដូចថ្ងៃរៀបលិច ធ្មេចចោលលោកាល្ខោនអស់អ្នកមើល»។

ក្រោយពីបានបង្ហោះរូបភាព និងសារអនិច្ចាចំពោះសិល្បបុរាណនោះអ្នកនាងបន្តថា«រំពឹងនរណា បើគ្មានទីផ្សារ ដូចស្រា បារី។ អត់នាំគ្នាថែក្មេងជំនាន់ក្រោយច្បាស់ជាលែងបានស្គាល់! សាស្ត្រា ខ្ញុំឃើញពួកគាត់ចេញមក​រុញ​លៀ​ស​លក់ទៀតហើយ»។

ជាមួយពាក្យអនិច្ចាដ៏ក្ដុកក្ដួលនេះអ្នកនាងក៏រំពឹងថាមានមហាជនជាច្រើនអាណិតអាសូរ និងជួយអភិរក្ស គាំទ្រដល់សិល្បបុរាណជាពិសេសឲ្យមានការផ្សព្វផ្សាយលើកតម្កើងចំពោះល្ខោនបាសាក់ដើម្បីឲ្យគង់វង់យូអង្វែង៕