ភ្នំពេញ៖ ក្នុងកិច្ចសម្ភាសន៍កាលពីល្ងាចមិញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ តារាកំប្លែងនាង ប៉េងប៉ោង កូនស្រីនាយ វីតាមីនសេ បានរៀបរាប់ពីស្ថានភាពជំងឺរបស់ឪពុកទាំងទឹកភ្នែក ខណៈដែលក្រុមគ្រួសារមិនចង់បាត់បង់នាយ វីតាមីនសេ ឡើយ ដោយនាងប្រាប់ថា «ចង់ឲ្យគាត់មើលថែកូន ថែចៅ និងចង់ឲ្យស្តីបន្ទោសខ្ញុំតទៅ​ទៀត»។

ទោះបីជំងឺចេះតែរុករានពីមួយថ្ងៃទៅមួយថ្ងៃក្តី ក៏លោកនៅតែមានចិត្តស្រលាញ់វិស័យសិល្បៈដដែល តួយ៉ាងនៅថ្ងៃមហាសង្គ្រានដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍បាយននោះ លោក វីតាមីនសេ បានដាក់ឈ្មោះលោកដើម្បីចូលរួមសម្តែងដែរ។ ក្នុងនោះ នាង ប៉េងប៉ោង បានបញ្ជាក់ថា «គាត់នៅតែស្រលាញ់សិល្បៈ នៅថ្ងៃមហាសង្រ្កានខាងមុខនេះ គាត់បានដាក់ឈ្មោះទៅចូលរួមកំប្លែងដែរ ប៉ុន្តែខ្ញុំគិតថា គាត់មិនអាចទៅរួចបានទេ ព្រោះជំងឺរបស់គាត់កាន់តែធ្ងន់ទៅៗ»។