ភ្នំពេញៈ ព្រោះ​តែ​​ហុងស៊ុយ​លើ​វិថី​សិល្បៈ ឡើងស្រឺតៗ ជាទុន​ប្តូរ​ជិះ​រថយន្ត​ទំនើប​ម៉ាក Range Rover តម្លៃ​ជាង ៥ ម៉ឺន ដុល្លារ ទាំង​​ទិញ​ផ្ទះ​វីឡា​ជាង ២០ ម៉ឺន ដុល្លារ តារាសម្តែង​ស្រី​ស្រស់​សោភា ឈ្មោះ​ពិត​ថា ជុំ រចនា​ពេជ្រ ហៅ​កញ្ញា បេប៊ី ក៏​បង្ហាញ​ជំហ៊​​ប្រែក្លាយ​ខ្លួន​ឯង​​ឲ្យ​ក្លាយ​ជា​តារា​ចម្រៀង​មួយ​រូប​ទៀត ​សម្រាប់​ពង្រីក​ទីផ្សារ​សិល្បៈ​ខ្លួន​ឲ្យ​កាន់​តែ​ធំ។

តារាសម្តែង​វ័យ​ក្មេង​និយម​លេងម៉ូដតែងខ្លួន​ប្រៀប​នឹង​តារាឥណ្ឌា នាង បេប៊ី បាន​អះអាង​​ថា៖ «​ខ្ញុំ​បាន​ចំណាយ នូវ​ធនធាន​ផ្ទាល់​ខ្លួន ដើម្បី​ផលិត​បទ​ចម្រៀង​ជា​ប្រភេទ​អូរីជីណល​បាន​ចំនួន ៤ បទ ដែល​បាន​ចេញ​ផ្សាយ​តាម​បណ្តាញ​សង្គម និង Youtube ប្រមាណ​ជាង ១ ខែ​ហើយ​ដែរ»។

ការ​ធ្វើឲ្យ​ខ្លួនឯង​មក​ក្លាយ​ជា​តារា​ចម្រៀង ក៏​ត្រូវបាន​នាង​អះអាងទៀតថា ដោយសារ​តែ​​ចូល​​ចិត្ត​ច្រៀង​រាំ​ខ្លាំង ហើយ​គិតថា ខ្លួនឯង​អាច​អភិវឌ្ឍ​ខ្លួន​ទៅ​កាន់​វិស័យ​ចម្រៀង​នេះ​បាន។ កញ្ញា បេប៊ី បន្តថា« ដូច្នេះ​ខ្ញុំ​ក៏សម្រេច​បង្កើត​ជា​ស្នាដៃ​បទ​ចម្រៀង​អូរីជីណល​ដំបូង​មាន ៤ បទ ដែល មាន ៣ បទ​ជា​ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍ និង ១ បទ​ទៀត​គឺ​បែប​ម​នោ​ស​ញ្ចេតនា។

ស្រីស្រស់ បេប៊ី ដែលមុននោះ​ធ្លាប់ល្បី​ថា មានបុរសៗអ្នក​មានទ្រព្យ​ស្តុកព្យាយា​មហៅ​ញាំ​បា​យ​ជាមួយម្តង​ឲ្យ​តម្លៃ​កិតិយស់​ជាកញ្ចប់ប្រាក់​ដុល្លារ​ទាំង​ដុំ​ៗនោះ នាង​បញ្ជាក់ឲ្យ​ដឹងថា «បទ​ចម្រៀង​ទាំង ៤ បទ​របស់​ខ្ញុំ​នោះ រួម​មាន​ដូចជា​បទ «បូតសណ្តែក» បទ «សង្សារ ខ្ញុំ​កូរ» បទ «ប្រចណ្ឌ» និង​បទ «បបូរមាត់​សេះ» ដែល​នាង​ខ្ញុំ​បាន​បង្ហោះ​ចូល​ទៅ​តាម Youtube ជាង​មួយ​ខែ​មក​ហើយ​ដែរ»។

កញ្ញា បេប៊ី បញ្ជាក់​ថា៖ «ដោយសារ​នាង​ខ្ញុំមាន​ការងារ​មួយ​នៅ​ទូរទស្សន៍ CTN ដូច្នេះ ដូចជា​មិន​អាច​ហ៊ាន​គិត​ថា​ទៅរក​ផលិតកម្ម​សម្រាប់​អាជីព​ថ្មី​ជា​តារា​ចម្រៀង​នោះ​បាន​នោះ​ឡើយ ហើយ​ក៏​ពុំទាន់​ហ៊ាន​នឹក​ប្រាថ្នា​បែប​នៅ​ឡើយ​ផងដែរ»៕