ភ្នំពេញ៖ នៅមុនម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៥ខែកញ្ញានេះ ទំព័ហ្វេសប៊ុកផ្លូវការពិធីករល្បីឈ្មោះ ប្រចាំស្ថានីទូរទស្សន៍ស៊ីធីអ៊ិន លោក សាយ រតនៈ បានបង្ហោះរូបថតប៉ុន្មានសន្លឹកពីប្រទេសថៃ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្នុងរូបថតនោះបានបង្ហាញពីលោកផ្ទាល់កំពុងអង្គុយលើរទេះរុញ ជាមួយទឹកមុខស្រងួតស្រងាត់ក្នុងមន្ទីពេទ្យមួយនាប្រទេសថៃ។

តាមរយៈការបង្ហោះរូបថតប៉ុន្មានសន្លឹកនេះបានបង្កឲ្យមហាជននិងអ្នកគាំទ្រងឿងឆ្ងល់យ៉ាងខ្លាំងថា ពិធីករ សាយ រតនៈ កំពុងកើតមានបញ្ហាសុខភាពអីធ្ងន់ធ្ងរឬ បានជាស្ងាត់ៗទើបបង្ហាញវត្តមាននៅក្នុងសភាពបែបនេះ? ព្រោះកន្លងមកគេពុំដែលបានដឹងថា លោកកើតមានបញ្ហាណាមួយទាក់ទិននិងសុខភាពឡើយ ។

បើតាមដឹង ពេលនេះពិធីករសាយ រតនៈ គឺកំពុងតែប្រឈមនឹងបញ្ហាសុខភាព ដែលតម្រូវឲ្យលោកត្រូវការវះកាត់ភ្លាមៗ ហើយពេលនេះដែរលោកក៏កំពុងស្ថិតក្នុងមន្ទីពេទ្យមួយក្នុងប្រទេសថៃ។ ព្រមនឹងការភ្ញាក់ផ្អើលលើស្ថានភាពសុខភាព លោក សាយ រតនៈ ដែលស្រាប់តែសុខភាពធ្លាក់ដុនដាបដល់ថ្នាក់អង្គុយលើរទេះរុញនៅក្នុងមន្ទីពេទ្យនោះ ពិធីករស៊ីធីអ៊ិន រូបនេះ បានសរសេរបង្ហាញនៅក្នុងគណនីហ្វេសប៊ុកដែរថា « សុំបារមីព្រះរស់ទាំងពីរជួយបីបាច់ថែទាំកូនកុំឲ្យកូនមានបញ្ហាអីធ្ងន់ធ្ងរ! ជួបលោកឪពុកអ្នកម្តាយមកពិនិត្យសុខភាពទួទៅហើយកូនក៏ឡើងជ្រុញដែរ»។ ក្នុងខ្លឹមសារនេះដែរ គឺបានបង្ហាញយ៉ាងច្បាស់ថា ពិធីករសាយ រតនៈ ពិតជាមានបញ្ហាសុខភាពមែន ហើយពេលនេះទៀតសោតលោកកំពុងរងចាំក្នុងការវះកាត់ផងដែរ។