ភ្នំពេញ៖ តារាចម្រៀងជើងចាស់ លោក នូ ស៊ឹប នៅរន្ទឺតែនឹងឈ្មោះ ពិរោះតែសំនៀងដែលនៅសេះសល់ លើវិថីសិល្បៈ ដែលជាមរតករំលេចពីព្រលឹងនៃវប្បធម៌ជាតិ។ ប៉ុន្តែបើក្រឡេកជ្រុងនៃជីវិតឯក ជនលោក នោះមហាជននឹងផ្ទុះក្តីអាណិតអាសូរលោកជាពន់ពេកខណៈ ក្នុងវ័យជរា រូបកាយញាំញីដោយជំងឺជាច្រើន ទាំងបាត់បង់ឱកាសបញ្ចេញកាយវិការសិល្បៈ លោកក៏រត់នៅក្នុងសភាពប្រៀបនឹងអ្នកប្រកបរបរស៊ីឈ្នូលគេ ជួលបន្ទប់ស្នាក់នៅ។
គ្រប់ដណ្តប់ដោយរូបភាពជីវិតជាមនុស្សសាមញ្ញជន ខណៈលោកមានត្រឹមតែឈ្មោះជាវីរៈសិល្បករ លោក នូ ស៊ឹប ក្នុងវ័យចូលជរា លោករស់នៅក្នុងបន្ទប់ជួលទំហំប្រមាណជា៣ម៉ែត្រគុណនឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិចំរើនផលតំបន់ស្ទឹងមានជ័យម្តុំមុខពេទ្យរុស្ស៊ី ។
ក្នុងជំនួបជាមួយតំណាងសមាគមនាំមូលនិធិសិល្បៈចាស់ជរា ទៅជូនលោកដល់ទីជម្រ នៅព្រលប់ថ្ងៃទី២៧ ខែមីនា លោក នូ ស៊ឹប ក៏បានពោលថា «សព្វលែងមានអ្វីជាទីពឹងទៀតហើយ បើការងារសិល្បៈទាំងច្រៀននិងបង្រៀនកូនសិស្សនោះ ក៏ធ្វើអ្វីបានកើតទៀតហើយ»។

បន្ទរនឹងសំដីដំណាលក្នុងភាពអស់សង្ឃឹមនោះ លោក នូ ស៊ឹប ដែលមហាជននៅចង់ចាំថា ជាតារាចម្រៀងល្បីតាំង​ពី​អំឡុងដើមទស្សវត្សឆ្នាំ៨០ នោះ លោកថា «សព្វថ្ងៃនេះសុខភាពធ្លាក់ខ្លាំង ជូនកាលក៏អង្គុយនឹងក៏មិនបានផង មិនសូម្បីឈរឬដើរច្រៀងតិចតូចនោះទេ ។ ត្រង់នឹងហើយដែលយើងអស់អ្វីជារំពឹង បើការងារចំណូលពីសិល្បៈ ហើ​យ​ពេលនេះយើងលេងសិល្បៈក៏មិនបានដែរ»។
ក្នុងជំនួបសាទរ អំណោយពីមូលនិធិសិល្បៈចាស់ជរា ពីសមាគមមិត្តសិល្បៈស្មគ្រចិត្តនិងសមាគមសិល្បករខ្មែរ លោក នូ ស៊ឹប ក្នុងសំដីខ្សាវៗបញ្ជាក់ពីកំលាំងក្នុងខ្លួនក៏ចុះខ្សោយផងនោះ លោកថា «សព្វថ្ងៃ បានបងប្អូនសិល្បៈគេស្គា​ល់​​គេអាណិតចេះតែផ្តល់ឲ្យ និងសមាគមសិល្បៈក៏ញឹកញាប់ដែរ ទើបបានដោះស្រាយជីវភាព រួមនឹងថ្លៃបន្ទប់ជួលនេះដែរ។ បើកុំបានបងប្អូនសិល្បៈនិងសមាគមនោះ ក៏មិនដឹងទៅរកណាបានមកដោះស្រាយនេះដែរ»។