ភ្នំពេញ៖ក្នុងចំណោមតារាជើងចាស់ដែលនៅបន្ដរអាជីពសិល្បៈនៅពេលនេះអ្នកនាងប៉ែន សុផានី ត្រូវបានគេ​មើលឃើញថាត្រូវប៉ាន់ក្ដោបយកទីផ្សារជាតួម្ដាយច្រើនជាងគេនាពេលបច្ចុប្បន្ននេះគឺ សុផានី ថតឲ្យគ្រប់​ទូរទស្សន៍​និងផលិតកម្មទាំងអស់បើប្រៀបធៀបជាមួយតារាដែលមានវ័យប្រហាក់ប្រហែលគ្នា។

ក្រុមអ្នកផលិតករបានឲ្យដឹងថាការដែលគេនិយមហៅអ្នកនាងប៉ែន សុផានី ថតសម្ដែងជាងតារាផ្សេង​ទៀត​នោះព្រោះអ្នកនាង សុផានី សម្ដែងភាពយន្ដនិងខារ៉ាអូខេជាតួម្ដាយធ្វើជា​ជំទាវក៏បាន​ធ្វើជាតួម្ដាយ​អ្នកក្រ​ក៏បានគឺលេងបានទាំងអស់ហេតុនេះហើយបានជាអ្នកដឹកនាំសម្ដែងមិនសូវមើលរំលងឡើយ។ប៉ែន សុផានី ក៏បានចាប់ដៃជាមួយអ្នកនាងអម្ពរ ទេវី សម្ដែងក្នុងរឿង”ឆន្ទា”របស់ផលិតកម្មRed Picture ដែលនឹងត្រូវដាក់បញ្ចាំងនៅអំឡុងខែឧសភា ខាងមុខនេះដែរ។ប្រភពបានឲ្យដឹងថាអ្នកនាងប៉ែន សុផានី បានថតភាពយន្ដជាបន្ដរបន្ទាប់ តែអ្វីដែលចម្លែកនោះនៅពេលនេះតារាជើង​ចាស់រូបនេះបានព្យាយាម​គេចចេញពីអតីតសង្សារប្រុសក្មេងម៉ារ៉ា ប៊ុណ្ណា រហូត ហើយនៅពេលដែលជួបគ្នាដោយចៃដន្យ​នោះអ្នកនាង​ទាំង២មិននិយាយរកគ្នាឡើយ។អ្នកសិល្បៈដែលស្និតតារាទាំង២បានឲ្យដឹងដែរថាពេលនេះទាំងអ្នកនាង សុផានី និងលោកប៊ុណ្ណា សុទ្ធតែមានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយ៕