ភ្នំពេញ៖ ក្រោយពីលទ្ធផលប្រលងបាក់ឌុបចេញភ្លាមលោកគ្រូ ទៀ សុធា បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងសកម្មភាពរាំចាក់ក្បាច់ពីខ្លោងទ្វារ រហូតដល់ទង់ជាតិ ព្រោះតែជាប់សន្យាជាមួយសិស្សជាប់និទ្ទេសA។សកម្មភាពរបស់លោកមិនត្រឹមតែបង្ហាញនូវភាពក្លាហានប៉ុណ្ណោះទេ គឺថែមទាំងបង្កនូវទេពកោសល្យសិល្បៈបែបកំប្លែងគួរឲ្យទាក់ភ្នែកមហាជន។

ទស្សនិកជនប្រហែលជាបានស្គាល់លោកគ្រូ ទៀ សុធា ដែលជាគ្រូគំរូម្នាក់បង្រៀននៅវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មីហើយ ព្រោះលោកមានទេពកោសល្យបង្រៀនសិស្ស ដោយបានបញ្ចូលវិធីសាស្ត្រ បែបកំប្លែងថ្មីៗ ដើម្បីធ្វើឲ្យសិស្សមានអារម្មណ៍រីករាយ ងាយទទួលយកបាន។ រូបមន្តនេះធ្វើឲ្យសិស្សដែលលោកគ្រូបង្រៀនឆ្នាំនេះ ប្រលងជាប់និទ្ទេសA បីនាក់ រហូតមានសិស្ស និងអាណាព្យាបាលជាច្រើនផ្ដល់ងារលោក ជាគ្រូគំរូប្រចាំវិទ្យាល័យថែមទៀត។ ទន្ទឹមនឹងការបង្កើតវិធីសាស្ត្របែបសិល្បៈបញ្ចូលក្នុងការបង្រៀនសិស្សយ៉ាងជោគជ័យនេះដែរលោកគ្រូ ទៀ សុធា ក៏បង្ហាពីមហិច្ឆិតាថ្មី ក្រៅគរុកោសល្យអប់រំ ដោយបង្ហាញមហិច្ឆិតាលើអាជីពសិល្បៈ ទាំងចង់ប្រជែងជាមួយនឹងនាយ ពែកមី ទៀតផង។

លោក គ្រូ ទៀ សុធា បានបង្ហាញប្រាប់បណ្តាញព័ត៌មានថា «ខ្ញុំស្រឡាញ់អាជីពសិល្បៈ ដូច្នេះហើយទើបខ្ញុំតែងតែជ្រើសយកវិធីសាស្ត្របង្រៀន ដោយបញ្ចូលនូវសិល្បៈបែបសប្បាយៗពេលបង្រៀនផ្ទាល់។ លោកថា “ខ្ញុំស្រឡាញ់អាជីពសិល្បៈណាស់ បើមានឱកាសលោកចង់បង្ហាញសមត្ថភាពខាងកំប្លែងខ្លាំងតែម្ដង ព្រោះច្រើនឆ្នាំមកហើយខ្ញុំគ្មានឱកាសបង្ហាញទេ គឺមានតែកំប្លែងជូនសិស្សសប្បាយសើចពេលបង្រៀនតែប៉ុណ្ណោះ តែបើមានឱកាសសម្ដែងពិតប្រាកដខ្ញុំ នឹងបង្ហាញឲ្យអស់ពីសមត្ថភាពតែម្ដង”។ ជាមួយគ្នានេះដែរលោកគ្រូ ទៀ សុធា ក៏បាននិយាយក្នុងន័យលេងសើចថា បើមានឱកាសដណ្តើមអាជីពជាមួយលោកពែកមីម្ដងមើលឲ្យដឹងថាវាយ៉ាងម៉េច ៕