ភ្នំពេញ៖ នៅឱកាសបុណ្យប្រពៃណីខ្មែរខិតជិតដល់ គ្រប់តារាចម្រៀងក៏សម្រុកធ្វើបទចម្រៀងឲ្យទាន់កាល មានទាំងបទជាចង្វាក់ប្រជាប្រិយនិងចង្វាក់បែបបែកស្លុយ។
ប៉ុន្តែទន្ទឹមនោះបទ«ស្រឡាញ់អូនស្លៀកខោរហែក» ដែលបកស្រាយដោយតារាចម្រៀងពន្លកថ្មី មិនទាន់ទាំងមានឈ្មោះល្បី បែរជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីហ្វូងមនុស្សនិយមការសប្បាយរាំលេង។
តែយ៉ាងណា ស្របនឹងការពេញនិយមពីការសប្បាយលើបទចម្រៀងមួយបទនេះ ទើបបានមួយចម្អិនកំពឹស ទាំងអ្នកនិយមសប្បាយមិនទាំងស្គាល់ម្ចាស់បទនេះផង ក៏លេចឡើងរំពេចថា ម្ចាស់បទដ៏ពេញនិយមមួយនេះ ក៏កើតឫកពារជាតារាល្បីផងដែរ ទាំងនៅក្នុងបណ្តាញសង្គម ពីឈ្មោះគណនីផលិតកម្មអ៊ិចថា «ម្ចាស់បទនេះជាក្រពើរ»។
បង្ហាញការបកស្រាយពីពាក្យក្រពើ ក្នុងសំណេរលើកឡើងយ៉ាងដូច្នេះថា «មិនទាន់ល្បីបានប៉ុន្មានផង ម្ចាស់បទ ស្រឡាញ់អូនស្លៀកខោរហែក ចេញចារឹកល្បីបាត់ ហ៊ានថត MV ដោយខ្លួនឯង និង មិនបានប្រាប់ម្ចាស់ផលិតកម្មខ្លួនឯង ផលិតកម្ម អ៊ិច »។
ក្នុងសារដែលបង្ហាញពីម្ចាស់បទស្រឡាញ់អូនស្លៀកខោរហែក ក៏បានបង្ហាញបន្តថា«ខំ promote ២៥ ខេត្តក្រុងតាមឡានផ្សព្វផ្សាយ និង concert ហើយមើលងាយផលិតកម្ម និងមើលងាយតារាចម្រៀងរួមអាជីប ក្នុងផលិត​កម្ម​ខ្លួន ដាក់តម្លៃខ្លួនឯង 300$ក្នុងមួយយប់ តន្រ្តីខ្លះម្ចាស់ផលិតកម្មសុំត្រឹម 200$ បានហើយឆាក់គេតូចណាមួយយើងទើបល្បី តែ គេហាមាត់មកថាដាក់ចឹងខូចតម្លៃគេតារាល្បី»។
ជាចុងក្រោយក៏បន្តទាំងការខកចិត្តទៀតថា«ហួសចិត្ត មិនបានជួយ ផលិតកម្មបន្តិចផង ធ្វើឲ្យផលិតកម្មខូចឈ្មោះទៀត ។ គិតងាយយល់សូម្បីតែ ទិញឧបករណ៍កាត់ត និងបង់ពន្ធដល់ក្រសួង និងលុយហើយ លុយខ្ញុំ មិនអាចអោយអ្នកឯងមកជាន់ក្បាលខ្ញុំទេ»។