ភ្នំពេញ៖ កញ្ញា ពៅ លីដា ដែលហ៊ានបដិសេធដំណើរ ចេញទៅកើបដុំប្រាក់ដុល្លារនៅក្រៅប្រទេស ខណៈដែលតារាភាគច្រើននៅតែដាក់គោលដៅសម្តែងក្រៅប្រទេសជាឱកាសមាស ឱកាសប្រាក់នោះ ។ ប៉ុន្តែជាមួយគ្នាតារាសម្ផស្សស្រស់ ទាក់ទាញ់មន្តស្នេហ៍នាង ពៅ លីដា ក៏បង្ហាញពីឱកាសទីផ្សារសម្តែងនៅក្នុងស្រុក រកតែចម្លោះនាទីសម្រាក់ចូលគេងផ្ទះស្រនុកកាយស្ទើមិនបាន។ កញ្ញា ពៅ លីដា តារាសម្តែងរាងតូចច្រឡឹង សម្បុរស្រអែមញញឹមស្រស់ កញ្ញា ពៅ លីដា បានបង្ហាញពីភាពមមាញឹកនឹងទីផ្សារសិល្បៈក្នុង ដែលនាំឲ្យនាងបោះបង់ឱកាសការងារក្រៅប្រទេសថា «នៅក្នុងរយៈពេលនេះ ខ្ញុំមានការងារសម្តែងភាពយន្តភាគដល់ទៅបួនរឿង ដោយសារតែហេតុនេះហើយ ទើបខ្ញុំមិនអាចទទួលការងារទៅសម្តែងនៅក្រៅស្រុក»។

ក៏បង្ហាញក្តីរំពឹងខ្ពស់និងឱកាសសម្តែងភាពយន្តភាគចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍ កញ្ញា ពៅ លីដា បានឲ្យដឹងបន្តថា «ខ្ញុំកំពុងសម្រុកថតភាពយន្តរឿងភាគថ្មី របស់ទូរទស្សន៍ PNN រឿង « ក្រមុំឆ្នាសប៉ះមេស្រុសឆ្នើម»របស់ផលិតកម្ម ចក្រវាឡពេជ្រ ។ រឿងភាគដូចគ្នា រឿង រឿង «ធនញ្ជ័យ» ក៏កំពុងសម្រុកថតសម្រាប់ចាក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលទើបក្រុងពាលី នឹងចេញថតកាលពីថ្មីៗនេះផងដែរ។ ក្រៅពីររឿងនេះកញ្ញាក៏មានភាពយន្តថ្មីទៀត ដែលជាភាពយន្តដែរមានទ្រង់ទ្រាយធំ និងជាភាពយន្តភាគគឺរឿង « ព្រះមោឃលាន» និងរឿង« វាសនានាងកែវ» ដោយសារទទួលបានភាពយន្តភាគបន្តបន្ទាប់គ្នា ទើបនាងសម្រេចចិត្តមិនទទួលយកការបញ្ចេញសមត្ថភាពនៅប្រទេសអូស្រ្តាលី។ តារាសម្តែងស្រីរូបនេះបានបញ្ចេញនូវអារម្មណ៍សប្បាយចិត្តខ្លាំង ព្រោះតែតំណែងតួឯក ក្នុងភាពយន្តភាគ ៤រឿងជាប់ៗគ្នា ហើយសុទ្ធតែជារឿង ដែលនាងពេញចិត្ត។ នាងថា សុទ្ធតែជារឿង ដែលខ្ញុំពេញចិត្តខ្លាំង ទាំងជារឿងដែលពាក់ព័ន្ធ នឹងរឿងព្រេង រឿងបែបសាសនា។ ពៅ លីដា បញ្ជាក់ដែរថា ទោះបីជារឿងទាំង៤នេះ ត្រូវសម្តែងក្នុងអត្តចរិកផ្សេងពីគ្នាមែន ប៉ុន្តែខ្ញុំព្យាយាមសម្តែងឲ្យបានល្អ ហើយរំពឹងថា នឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន នៅពេលចាក់បញ្ចាំង៕