ភ្នំពេញ៖ នៅថ្ងៃទី៣០ខែមីនានេះ ខណៈសិល្បករសិល្បការិនីកំពុងបង្ហាញសាររំលែកទុក្ខ នូវមរណៈភាពតារាកំប្លែងជើងចាស់ នាយ វីតាម៉ីនសេ នោះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមបានបង្ហាញ​សារ បង្ហាញភាពប្រសើរនៃសុខភាព តារាសម្តែង យូ ឌីស្កូ នៅក្រោយឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

មុននេះសមាគមមិត្តស្មគ្រចិត្តជួយសង្គម និងសមាគមសិល្បករខ្មែរ រួមគ្នាជាមួយសិល្បករសិល្បការិនីជាច្រើន ប​ង្កើ​​តមូលនិធិសង្គ្រោះជីវិត យូ ឌីស្កូ ដែលជាតារាសម្តែងកំពុងញាំញីលើសុខភាពនិងរាងកាយស្រកស្រុះសាច់ឈាម​សម្ផស្សដោយជំងឺខួចក្រលៀន។ ដោយគោលបំណង រកថវិកា ចំនួន៥ម៉ឺនដុល្លារ ដើម្បីនាំលោក យូ ឌីស្កូ ទៅធ្វើការវះកាត់ដូរក្រលៀននៅប្រទេសឥណ្ឌា។
ទាំងមកពេលនេះនៅមិនទាន់មានការបង្ហាញថា មូលនិធិសង្គ្រោះជីវិត យូ ឌីស្កូ ទទួលបានប្រាប់ឧបត្ថមពីសប្បុរសជន បានគ្រប់ចំនួនប្រាំម៉ឺន តាមការចង់បានហើយឬនៅនោះទេ ។
ទោះជាចំនួននេះនៅមិនទាន់បានបង្ហាញនោះក្តី នៅថ្ងៃទី៣០ខែមីនា នេះ លោក ហេង ឡុង ដែលបង្ហោះរូបថត ថតជាមួយ យូ ឌីស្កូ ក្នុងទឹកមុខស្លេកស្លាំងនោះ លោកបានបង្ហាញជំហ៊ជាក់លាក់ថា«ធ្លាប់តែសើចរួសរាយ ឥឡូវប្រែជាស្រងូតស្រងាត់មិននិយាយស្តី កុំអស់សង្ឃឹមណា ក្រោយចូលឆ្នាំខ្មែរគាត់នឹងទៅប្រទេសឥណ្ឌាប្តូរក្រលៀនហើយ ជូនពរគាត់អោយព្យាបាលដោយជោគ​ជ័យ​ផង​បង​ប្អូន»។
ដូចនេះអាចបញ្ជាក់បានថាលោក យូ ឌីស្កូ មានសង្ឃឹមវិញហើយព្រោះតែមានការជួយពីសប្បុរសជនទាំងអស់។