កម្ពុជា៖ តាំងពីកើតពោះម៉ែមិនដែលឃើញទេម្ចាស់ថ្លៃអើយ ធ្លាប់​តែឃើញ​សត្វតុ​កែបូលយំលើដើមឈើឥតប្រយោជន៍ តែដឹងអីសត្វដែល​យើង​គិត​ថាគ្មាន​ប្រយោជន៍បែរជាមានតម្លៃរាប់ម៉ឺនដុល្លារ ហើយឈ្មួញធំៗ​ទាំងក្នុងស្រុក និងក្រៅស្រុកមួយចំនួនកំពុងតែដណ្តើមគ្នាទិញ ជាពិសេសថៅកែគ្រាក់ៗជនជាតិចិនតែម្តង ព្រោះគេមានជំនឿថា តុកែជាសត្វមួយប្រភេទដែលមានហុងស៊ុយខ្ពស់បំផុត សម្រាប់ឲ្យអាជីវកម្មរបស់ពួកគេដំណើរទៅបានរលូន និងមានភ្ញៀវចូលហាង​ច្រើនៗជាដើម។

យ៉ាងណាមិញ តុកែមួយប្រភេទដែលមានប្រហែងចាប់ពី ៤តឹក ៤ហ៊ុនឡើងទៅ ថៅកែធំៗហ៊ានទិញ​ចាប់ពីចម្លោះចាប់ជាង ២ម៉ឺនដុល្លារ រហូតដល់ ៨ម៉ឺនដុល្លារ ទៅតាមតុកែស្អាតល្អ ឬយ៉ាងណានោះ។ អ្នករកស៊ីទិញ​តុកែម្នាក់បានប្រាប់ថា «តុកែប្រវែង ១៧.៧អិង ស្មើនឹង ៤តឹក ៤ហ៊ុន ថៃហ៊ាន​ទិញត្រឹម ២ម៉ឺន ៧ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែខ្ញុំហ៊ានទិញរហូតដល់ ៨ម៉ឺនដុលារ»។ ឈ្មួញជួញដូរតុកែដែលមានទឹកប្រាក់វាល់លានដុល្លារនោះ ហាក់មិនខ្លាចញញើតនឹងតម្លៃម៉ឺនៗដុល្លារនោះទេ ព្រោះថា ក្រោយពេលទិញចូលប៉ុន្មានថ្ងៃប៉ុណ្ណោះ រូបគេបានលក់ដៃអស់ទៅហើយ ម្ល៉ោះហើយ គ្មានអ្វីត្រូវបានបារម្ភទេ។