ភ្នំពេញ៖ ថ្ងៃទី​៣ខែមេសានេះ បាន​ចំនួន​៥ថ្ងៃហើយ ដែលតារា កំប្លែង​ជើងចាស់ នាយ វីតាមីនសេ បាន​ចាកចោលប្រពន្ធកូនចៅ រួមទាំងមហាជន​ដែល​តែង​គាំទ្រ​លោក គ្មានថ្ងៃវិលត្រឡប់​។ ក្នុង​ភាពក្តុកក្តូល​និងក្តីអាឡោះអាល័យ​នៃ​ក្រុម​គ្រួសារ​ នៅព្រឹកថ្ងៃ  ទី​៣ខែមេសានេះ កូនស្រីច្បងនិង​ជាកូនស្រីតែម្នាក់​គត់​ដែល​ស្នង មរ​តកសិល្បៈពីលោក​គឺអ្នកនាង ប៉េង ប៉ោង បាន​ចេញសារអំពាវ​នាវ​បងប្អូនរួមទាំងអ្នកសិល្បៈចូលរួមបុណ្យខួប៧ថ្ងៃឲ្យ​អ្នក មាន គុណ​នាង​។

ក្នុងសារដែល​ភ្ជាប់​ដោយ​រូប​ថត ថតជាមួយ​ឪពុក​គ្រាលោក​នៅ​មាន​សុខភាព​ល្អ ដែល​បង្ហាញឲ្យឃើញ​ថា ក្តីអាឡោះអាល័យ​របស់​កូន​ៗ នៅ​តែ​ដិតជាប់​ក្នុង​កាយវិការលោក​ដ៏​រស់​រវើលនោះ អ្នកនាង ប៉េង ប៉ោង ក៏បាន​រៀបរាប់​អំពាវនាវ​ថា «​នាងខ្ញុំ​ប៉េង​ប៉ោ​ងសូ​មគោ​រ​ព​អញ្ជើ​ញ​សិ​ល្បក​រ​សិ​ល្ប​កា​រនី​ពុ​ក​ម៉ែ​ប​ង​ប្អូន​អ​ញ្ជើញ​ចូលរួម​ក្នុង​កម្មវិធីបុណ្យ​គំរ​ប់ប្រាំ​ពីថ្ងៃ​រ​បស់​លោ​កប៉ា​នា​ង​ខ្ញុំ​ផ​ង។​នាង​ខ្ញុំប៉េ​ង ​ប៉ោង​សូមអធ្យាស្រ័យទុកជាមុនផងដែលពុំ​បានយ​កសំ​បុត្រ​ទៅអ​ញ្ជើញ​ផ្ទា​ល់ដោយក្ដីគោរពពីនាងខ្ញុំប៉េងប៉ោង»។   ខណៈ​ក្នុង​លិខិតផ្សព្វផ្សាយ​ពីធីបុណ្យ៧ថ្ងៃគម្រប់៧ថ្ងៃសពលោក តា វីតាមីន​សេ បានបង្ហាញថា ពិធីបុណ្យប្រព្រឹត្តទៅ​នៅថ្ងៃពុធទី​៤​ខែមេសាឆ្នាំ២០១៨ ត្រូវ​និង​ថ្ងៃ៤រោជខែចេត្រឆ្នាំរកា ទព្វស័ក ព.ស​២៥៦១ ។ ពិធីនេះធ្វើ​នៅ​ក្នុងវត្តមង្គត់ បូរី កាបិលភ័ស្ស សង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។ ​