ភ្នំពេញ: ដំណើរជីវិតរស់នឹងវិប្បដិសារីជំងឺប្រចាំកាយ ឆ្ងាយពីភាពស្និទ្ធស្នាលអស់ញាតិសន្តាន អាជីពសិល្បៈក៏សូន្យបង់ អ្នកនាង អ៊ុំ គន្ធា ដែលជាអតីតតារាចម្រៀងល្បីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០០០ ទាំងភាពសិចស៊ីគ្មានតារាស្រីណាហ៊ានប្រៀបនោះ នៅរដូវបុណ្យកាន់បិណ្ឌឆ្នាំនេះក៏ត្រូវបានគេទម្លាយថា អ្នកនាង អ៊ុំ គន្ធា ធ្លាក់ខ្លួនខ្លាំងដល់ថ្នាក់ ដាច់ចិត្តហាសុំលុយមិត្តភក្ដិ។
ថ្មីៗនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ស៊ិន ឧត្តមផល្លា អតីតតារាជើងចាស់នៅប្រកបរបរលក់ស្បង់ចីវរ បានបង្ហាញថា៖«អ្នកនាង អ៊ុំ គន្ធា មួយរយៈមុនមានអ្នកជួយជ្រោមជ្រែងឲ្យអ្នកនាងបានធ្វើការនៅក្នុងក្រសួងមួយ ប៉ុន្តែក្រោយមកបានមួយឆ្នាំក្រសួងនោះក៏លុបឈ្មោះអ្នកនាងចេញវិញ ដោយមិនដឹងមូលហេតុ។ ហេតុដូច្នេះអ្នកនាងមិនដឹងជាមានអ្វីទីពឹង។ អ្នកនាងក៏សំណូមពរឲ្យ ផេក Movies star research ចុះផ្សាយពីក្តីវេទនារបស់អ្នកនាង ឲ្យមហាជនបានដឹង»។
គណនីហ្វេសប៊ុក អតីតតារាសម្តែង ស៊ិន ឧត្តមផល្លា បានបង្ហាញថា៖ «អ្នកនាង អ៊ុំ គន្ធា គាត់នៅតែទទួចសុំការយោគយល់ ពីកម្មវិធីទូរទស្សន៍នានា ឲ្យនាងបានឡើងច្រៀង និងបានប្រាក់ចិញ្ចឹមជីវិត»។ អ្នកនាង ស៊ិន ឧត្តមផល្លា ឲ្យដឹងថា អ្នកនាង អ៊ុំ គន្ធា បានផ្ញើសារមកសុំថវិកាខ្លះៗដើម្បីយកទៅលៃលកធ្វើចង្ហាន់ទៅវត្ត ហើយខ្ញុំក៏បានជួនលុយគាត់បន្តិចបន្តូចដើម្បីយកធ្វើចង្ហាន់ទៅវត្ត តាមការសុំរបស់គាត់ដែរ»៕
