ភ្នំពេញ៖ នៅថ្ងៃទី៣ខែមេសានេះភាពស្រស់ស្រាយនៃជីវិតឯកជន តារាចម្រៀងនិងជាកូនស្រី តារាកំប្លែងជើងចាស់ នាយ សង់ ស៊ីស កញ្ញា ស៊ុន ស្រីពេជ្រ បានបង្ហាញឲ្យមហាជនជុំវិញពិភពលោកដឹង បង្ហាញតាមរយៈរូបភាពបណ្តើរសង្សារកំលោះរូបសង្ហាកម្សាន្តនៅក្រៅប្រទេស បង្ហោះនៅក្នុងបណ្តាញសង្គម។យ៉ាងណារូបភាពតារាស្រីល្បីទាំងសំនៀងច្រៀងបែបបុរាណនិងសម័យ កញ្ញា ស៊ុន ស្រីពេជ្រ បានបង្កាត់ភ្លើងស្នេហាជាមួយបុរសរូបសង្ហានេះតាំងពីពេលណា ហើយបុរសរូបសង្ហា ដែលតារាស្រីរូបនេះទទួលមកធ្វើជាម្ចាស់បេះដូង ក្រោយរងគ្រោះជីវិតស្នេហ៍ពាក់កណ្តាលអាពាហ៍ពិពាហ៍ជាមួយមន្រ្តីប៉ូលីសកាលពីពីរឆ្នាំមុននោះ គេមានឈ្មោះអ្វី? បម្រើការងាររដ្ឋឬអ្នកជំនួញនោះទេ ។ ខណៈដែលនៅមិនអាចអាចសុំការបកស្រាយពី កញ្ញា ស៊ុន ស្រីពេជ្រ បាននៅឡើយ។
គួររំលឹកថា «កូនស្រីតារាកំប្លែងជើងចាស់លោក តាសង់ ស៊ីស កញ្ញា ស៊ុន ស្រីពេជ្រ កាលពីអំឡុងថ្ងៃទី១១ខែ១២ឆ្នាំ២០១៥ ធ្លាប់បានធ្វើពិធីភ្ជាប់ពាក្យម្តងរួចហើយជាមួយនឹង លោក ទាវ វិសាល ។ ប៉ុន្តែជីវិតគូពាក់កណ្តាលអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ មិនបានសម្រេចដល់គោលដៅអាពាហ៍ពិពាហ៍សាទរពីភ្ញៀវរយពាន់នាក់នោះទេ ក៏ត្រូវដើរដល់ផ្លូវបំបែក។ ខណៈដែលកញ្ញា ស៊ុន ស្រីពេជ្រ បានបង្ហាញថា «ជីវិតនេះបើបែកគ្នាល្អជាង បើបុរសម្នាក់នោះមិនមានចិត្តស្មោះនឹងយើងផងហ្នឹង ហើយនេះសំណាងណាស់ដែលយើងដឹងពីល្បិចកលគាត់មុខ ទើបយើងសម្រេចបញ្ចប់ជីវិតគូត្រឹមពាក់កណ្តាលអាពាហ៍ពិពាហ៍»។
រយៈពេលជិតពីរឆ្នាំហើយ នៃរយៈវេលា កញ្ញា ស៊ុន ស្រីពេជ្រ ជម្រះបញ្ជីស្នេហ៍ជាមួយនិង លោក ទាវ វិសាល អតីតគូដណ្តឹង។ ចន្លោះវេលានេះក៏មិនធ្លាប់មានលេចឮដែរថា តារាចម្រៀងជាបង្គោលគ្រួសារក្នុងត្រកូល(ស៊ុន) រូបនេះ រកបានបុរសចិត្តស្មោះមកស្អុំបេះដូងដែលរងរបួសលើបង្គងជីវិតគូពាក់កណ្តាលអាពាហ៍ពិពាហ៍នោះ ដែលទើបតែថ្ងៃទី៣ខែមេសានេះក៏លេចចេញរូបភាពនាងបណ្តើរសង្សារកម្សាន្តនៅក្រៅប្រទេស ជាមួយការសរសេរពីអ្នកគាំទ្រសរសរថា «សម្រស់គូស្នេហ៍របស់តារាចម្រៀងរូបនេះពិតជាស្រស់សង្ហា និងក្មេងស្អាតមែនទែនថែមទាំងមានស្ទីលតែងខ្លួនពិតជាសាកសមជាមួយនឹងកញ្ញា សុន ស្រីពេជ្រតែម្តង»។
ក្នុងនោះដែរស្រីចំណាស់ជាម្ចាស់ស្ពន់ស័រនៅក្រៅប្រទេសដែលរមែងអញ្ជើញស្រីពេជ្រ ទៅសម្តែងនៅក្រៅប្រទេស ក៏បង្ហើបប្រាប់តារាញូស៍ថា «ខ្ញុំមិនទាន់បានជួបស្រីពេជ្រ និងសង្សារក្នុងរូបថតបង្ហោះថ្មីៗនេះទេ ។ ព្រោះខ្ញុំរវល់កាលពីមកស្រុកខ្មែរខែមុនក៏មិនមានពេលជួបគាត់ តែខ្ញុំដឹងថា ពួកគេទាំងពីស្រឡាញ់គ្នាយូរហើយ ហើយពួកគេក៏មានគម្រោងនឹងដឹកដៃគ្នាចូលរោងការនៅចុងឆ្នាំនេះ»។
មហាជនដែលដឹងរឿង ស៊ុន ស្រីពេជ្រ និងគូសង្សារថ្មី ពួកគេដែលបង្ហាញអារម្មណ៍សាទរដែលរកបានមនុស្សស្មោះមកធ្វើជាម្ចាស់បេះដូងនោះ ក៏ជូនពរឲ្យស្រីពេជ្រ សម្រេចបានជីវិតគូពិតនិងមានសុភមង្គល់ កុំឲ្យគន្លងស្នេហ៍ចាស់តាមមកលក់បន្លាចជាថ្មី»។
