ភ្នំពេញ៖នៅរសៀលថ្ងៃទី០៤ខែមេសាឆ្នាំ២០១៨ នេះពិធីបុណ្យគម្រប់៧ថ្ងៃរបស់តារាកំប្លែងលោកម៉ៅ សាមឿន ហៅនាយ វីតាមីនសេ បានប្រារពធ្វើឡើងនៅវត្តព្រះបារមីវង្កដ្ឋបូរី ជាទីដែលកន្លែងបូជាសពកាលពីថ្ងៃទី០១ខែមេសា ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
មានអ្នកសិល្បៈជាច្រើនបានទៅចូលរួមបុណ្យគម្រប់៧ថ្ងៃនេះព្រោះថាមានតារាមួយចំនួនមិនបានមកពេលដែលលោកទទួលមរណៈភ្លាមៗដោយសារការជាប់រវល់។ អ្នកនាងប៉េង ប៉ោង បានឲ្យដឹងថា « ភ្ញៀវបានចូលមកជាហូហែរគឺអ្នកសិល្បៈយើងច្រើនមកជាបន្ដរបន្ទាប់តាំងពីវេលាម៉ោង៣រសៀលម្ល៉េះ ហើយកម្មវិធីនេះយើងទទួលភ្ញៀវរហូតដល់អស់ភ្ញៀវអស់»។
អ្នកនាងបន្តទៀតថា « សម្រាប់អារម្មណ៍ខ្ញុំនៅពេលនេះវិញគឺនៅតែក្ដុក្ដួលស្ដាយពុកអីចឹង ខ្ញុំមិនទាន់បន្ធូរអារម្មណ៍បានទេ។ លោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ បានទទួលមរណៈភាពកាលពីរាត្រីថ្ងៃទី៣០ខែមីនាឆ្នាំ២០១៨ ដោយជំងឺដុះសាច់ក្នុងថ្លើមក្នុងអាយុ៦៩ឆ្នាំ ។មរណៈភាពរបស់វីរៈសិល្បៈករនេះធ្វើឲ្យមហាជន និងសិល្បករសិល្បការិនីជាច្រើនមានការសោកស្ដាយមិនអាចថ្លាថ្លែងបានឡើយ៕
