ភ្នំពេញ៖ បទចម្រៀង Original «ពេលបាយនឹកម៉ែ» របស់កំពូលតារាចម្រៀងលំដាប់ជួរមុខ លោក ឆាយ វីរៈយុទ្ធ បាននិងកំពុងចាក់ដោតអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងនារដូវបុណ្យភ្ជុំបិណ្ឌនេះ មិនថាអ្នករស់នៅអាស្រ័យការងារក្រៅប្រទេសនោះទេ សូម្បីតែអ្នកចំណាកស្រុកមកធ្វើការត្រឹមភ្នំពេញនេះ ក៏ស្តាប់ហើយកើតកំសួលអួលដើមកចង់ហូរទឹកភ្នែកផងដែរ។
តាមរយៈបទ «ពេលបាយនឹកម៉ែ» នេះបានរៀបរាប់ពីស្ថានភាពកូនៗពេលរស់នៅចាយលុយឪពុកម្តាយ គ្មាន ចេះគិតគួរអ្វីនោះទេ ដឹងតែល្អ ឡូយឆាយ សប្បាយហ៊ឺហារ តែពេលកាលណា ចេញរក ប្រាក់ ខ្លួនឯង ឃ្លាត ឆ្ងាយពីគ្រួសារ ទើបដឹងថា ការលំបាកមានទំហំធំធេងបុណ្ណា ហើយឃ្លាមួយបានបញ្ជាក់ថា «ពេលលំបាក ទើបដឹងថា ដុំបាយមានតម្លៃយ៉ាងណា» ដែលនេះរឹងរឹត តែធ្វើឲ្យ អ្នកស្តាប់ឮ ហើយសឹងតែទប់ ទឹកភ្នែក ពុំបាននោះ។
កំពូលតារាចម្រៀងដែលមានកំណើតនៅស្រុកស្រែក្នុងខេត្តកំពង់ចាម លោក ឆាយ វីរៈយុទ្ធ បានផ្តល់បទ សម្ភាសខ្លីថា បទចម្រៀង Original មួយបទនេះជាកាដូសម្រាប់បងប្អូននៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ហើយជាការពិតបទនេះក៏ចង់រំលឹកកូនៗឲ្យស្វែងយល់បន្ថែមពីការលំបាក និងការខិតខំរបស់ឪពុកម្តាយ ជាពិសេស គឺការផ្តល់ការស្រឡាញ់គោរពនៅក្នុងគ្រួសារ។
នៅក្នុងឱកាសភ្ជុំបិណ្ឌនេះលោក ឆាយ ឆាយវីរៈយុទ្ធ ក៏បានគោរពជូនពរទស្សនិកជនទាំងអស់ជួបប្រទះតែសេចក្តីសុខសប្បាយ ចេញដំណើរទៅទីណាក៏ភាពសុវត្ថិភាពទាំងអស់គ្នា៕
