ភ្នំពេញ៖ លោក យស បូវណ្ណៈ អតីតតារាសម្តែងជើងចាស់ដ៏ល្បីនាទសវត្សរ៍ឆ្នាំ៩០ ដែលសព្វថ្ងៃលោកមានជីវភាពធូរធារស់នៅលើទឹកដីសហរដ្ឋអាមេរិកអស់ពេលប្រមាណជាង ២០ឆ្នាំមកហើយ។ ក្រោយលេចឮដំណឹងថាអតីតារាសម្តែងដ៏ល្បី ចៅ ចាន់ណារី ធ្លាក់ខ្លួនរស់ពួនអាត្មានៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួចមក លោកបានសម្តែងក្តីសោកស្តាយយ៉ាងខ្លាំង មិនគួរណាតារាដ៏ល្បីម្នាក់រស់នៅស្ទើរតែគ្មានអ្វីក្នុងខ្លួនទាល់តែសោះ។

អតីតតារាសម្តែង យស បូវណ្ណៈ បានរៀបរាប់ថា «ខ្ញុំធ្លាប់សម្តែងជាមួយគាត់កាលពីទសវត្សរ៍ឆ្នាំ៩០ ហើយកាលនោះ ខ្ញុំតួកូន និងគាត់ដើរតួជាឪពុក ប៉ុន្តែខ្ញុំមិនបានចាំរឿងនេះថាជារឿងអ្វីនោះទេ។ យ៉ាងណាមិញ ខ្ញុំមានការសោកស្តាយណាស់ ដែលសិល្បៈករយើងមួយចំនួនធ្លាក់ខ្លួនបែបនេះ ហើយសូមចូលរួមត្រេអរសម្រាប់អ្នកសិល្បៈឥឡូវ គេមានបាន និងប្រសើរជាងមុន»។

ក្រៅពីនោះ លោក យស បូវណ្ណៈ បានជូនពរជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសឲ្យជួបតែពុទ្ធព្រះពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យបងប្អូនទាំងអស់ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។