ភ្នំពេញ៖ នៅឱកាសបុណ្យភ្ជុំបិណ្ឌ ក្តីសង្វេកហាក់លេចឡើងចំពោះ អតីតតារាចម្រៀង អ្នកនាង អ៊ុំ គន្ធា ដែលកំពុងរស់នៅជាមួយនឹងការយាយ៉ីពីជំងឺប្រចាំកាយដ៏កាចសាហាវ តែនៅមានចិត្តអន្ទះសារចង់ធ្វើចង្ហាន់ទៅដាក់បិណ្ឌប្រគេនព្រះសង្ឃនៅវត្ត។
សាទរនឹងទឹកចិត្តដ៏ជ្រះថ្លា របស់អតីតតារាចម្រៀង អ្នកនាង អ៊ុំ គន្ធា ទាំងរូបរាងកាយកំពុងស្ថិតនឹងជំងឺប្រចាំកាយ ខ្សោះទាំងថាមពល ក៏នៅនឹកដល់ការធ្វើបុណ្យសន្សំកុសលនោះ នៅល្ងាចថ្ងៃទី១៨ខែកញ្ញា ត្រូវនឹងថ្ងៃដាក់បិណ្ឌទី១៣ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរទើបនិងឡើងថ្មី ក៏បាននាំយកអំណោយមូលនិធិសិល្បៈចាស់ជរា មានថវិកា គ្រឿងឧបភោគបរិភោគ ជួនទៅអតីតតារាចម្រៀង អ៊ុំ គន្ធា ដល់ផ្ទះនៅក្នុងទឹកដីភ្នំពេញថ្មី។
ក្នុងដំណើរនាំយកមូលនិធិសិល្បៈចាស់ជរា ជួនអ្នកនាង អ៊ុំ គន្ធា ដែលកំពុងមានជំងឺប្រចាំកាយ ជាមួយនឹងបន្ទុកចិញ្ចឹមកូនប្រុសចំនួនពីរនាក់ រួមនឹងម្តាយផងនោះ គឺមាន លោក ឧកញ្ញ៉ា ទុំ សារ៉ុត ហៅ នាយ ឃ្លោក លោក អ៊ឹម ជីវ៉ា លោក គន់ រៀមរតនៈ រួមនឹងសិល្បករ សិល្បការិនីជាច្រើនផងដែរ ក៏បានរួមដំណើរទៅលើកទឹកចិត្តអ្នកនាង អ៊ុំ គន្ធា ដែលកំពុងរស់នៅជាមួយជំងឺប្រចាំកាយ។
