សៀមរាប៖ ឡានទំនើបៗជាច្រើនគ្រឿងបានចតនៅបរិវេណ​ប្រាសាទអង្គរវត្តយ៉ាងអនាធិបតេយ្យ ដែលត្រូវបានភ្ញៀវទេសចរណ៍មួយចំនួនលាន់មាត់ថា «តែយូរៗទៅច្បាស់ជាក្លាយជាទម្លាប់ នឹងបាត់បង់សោភ័ណ្ឌភាពអង្គរវត្តអស់»។

បុរសឈ្មោះ «សឿន ចំណាន» ទៅលេងអង្គរវត្តចៃដន្យបានឃើញទិដ្ឋភាពនោះហាក់ទើសភ្នែកពេក លោកក៏បានថតនិងបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយអមជាមួយសារថា «ស្អី? សមអត់? ចតជិតពេកហើយអស់លោក និងលោកស្រី! គោរពបេតិកភ័ណ្ឌទាំងអស់គ្នាទៅលោក! លោកនាយអើយនៅក្នុងវត្តនគរខាងជើង, ខាងត្បូង មានកន្លែងចតសមរម្យតើលោក»។

យ៉ាងណាមិញ មិនទាន់ទទួលបានព័ត៌មានបន្ថែមពីអាជ្ញាធរពាក់ព័ន្ធដែលគ្រប់គ្រងប្រាសាទអង្គរវត្តនៅឡើយទេ ហើយក៏មិនដឹងថា រថយន្តដែលចតនោះជារថយន្តមន្ត្រីធំៗចូលរួមពិធីអ្វីមួយ ឬ រថយន្តរបស់ភ្ញៀវទេសចរណ៍ដែរ។