ភ្នំពេញ៖ ល្បែងគប់ទឹក ដែលយុវវ័យនិយមលេងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយជាល្បែងមួយកំពុងល្បីរន្ទឺនោះ ត្រូវបាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ហាមដាច់ខាតមិនឲ្យនាំគ្នាលេងឡើយ បើមិនស្តាប់នៅតែលេង ហើយបង្កគ្រោះថ្នាក់នោះ សមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់។

បំរាមនោះត្រូវបានបិទផ្សាយជាសាធារណៈថា «ហាមលេង ច្រកទឹកដាក់ចង់ ប៉ោងប៉ោង គប់គ្នាទៅវិញទៅមក ជាដាច់ខាតក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ»។

ពាក់ព័ន្ធរឿងនេះ យុវជនឈ្មោះ ឆាយ បានចោទជាសំណួរថា «ចុះកាំភ្លើងបាញ់ទឹកលេងបានអត់?»។ ឆ្លើយតបនឹងសំណួរនេះ មន្ត្រីនគរបាលម្នាក់ ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ «BT Be Strong» បានបកស្រាយក្នុងសំណេរថា «កាំភ្លើងបាញ់ទឹក យើងលេងតាមកាលៈទេសៈ បើងអ្នកជិះម៉ូតូ បាញ់គេអាចមានបញ្ហា តែបើយើងលេងក្នុងទីធ្លារណាមួយ ដោយថ្មើរជើងមិនអីទេ តែបើខេត្តសៀមរាបគឹបិទតែម្ដង»។