កម្ពុជា៖ កូនស្រីកបិលមហាព្រហ្មមាន៧ព្រះអង្គ សុទ្ធតែបានយាងមកថែរក្សាប្រជាពលរដ្ឋខ្មែរដោយមួយព្រះអង្គមកម្តងក្នុង១ឆ្នាំ។ តើបងប្អូនដឹងទេថា កូនស្រីកបិលមហាព្រហ្មទាំង ៧ព្រះអង្គ មានព្រះនាមអ្វីខ្លះ? ធ្វើម៉េចបានដឹងមុនថា ទេវតាចុះឆ្នាំណា ព្រះនាមអ្វី?

១៖ បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម «ព្រះនាងទុង្សាទេវី» សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (គ្រឿងសោយ) អាវុធស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈជាសត្វគ្រុឌ។

២៖ បើថ្ងៃចន្ទ ទេពធីតាព្រះនាម «ព្រះនាងគោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវមុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ឌ្គ ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។

៣៖ បើថ្ងៃអង្គារ ទេពធីតាព្រះនាម «ព្រះនាងរាគសាទេវី» សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរ៉ា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។

៤៖ បើថ្ងៃពុធ ទេពធីតាព្រះនាម «ព្រះនាងមណ្ឌាទេវី) សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បិ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈសត្វលា។

៥៖ បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម (ព្រះនាងកិរិណីទេវី» សៀតផ្កាមណ្ឌា គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ (ដង្កាវដំរី) ឆ្វេងកាំភ្លើង ពាហនៈសត្វដំរី។

៦៖ បើថ្ងៃសុក្រ ទេពធីតាព្រះនាម «ព្រះនាងកិមិរាទេវី» សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ឌ្គ ឆ្វេងពិណ ពាហនៈសត្វក្របី។

៧៖ បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម «ព្រះនាងមហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក។